បញ្ជូនមន្ត្រីនគរបាលដែលបាញ់សំដៅប្តីប្រពន្ធជិះរថយន្តរេនរ៉ូវ័រ ចូលតុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 May, 2019 ក+ ក-

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នេះ លោក ឌួង ណាគ្រី មានតួនាទីជា អនុប្រធាននាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ករណីបាញ់ចំនួន ៥គ្រាប់ បណ្តាលឱ្យបែកកញ្ចក់ឡាន ក្នុងគោល បំណងប៉ុនប៉ងឃាតកម្ម។

ការសម្រេចចាប់ខ្លួនលោក ឌួង ណាគ្រី នេះ បន្ទាប់ពីមហាជនរិះគន់យ៉ាងខ្លាំងក្លា ថា”សមត្ថកិច្ចពុំគួរពិន័យត្រឹមវិន័យរដ្ឋបាលរបស់កងកម្លាំងនោះទេ”គួរចាត់ការតាមបទល្មើសព្រហ្មទណ្ឌ ។ ទោះបីយ៉ាង ណា ពេលនេះ មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើតុលាការនឹងសម្រេចយ៉ាងដូច ម្ដេច ចំពោះលោក ឌួង ណាគ្រី ។

សូមបញ្ជាក់ថា ជនបង្កដែលបាញ់ ៥គ្រាប់សំដៅរថយន្តម៉ាក រេនរ៉ូវ័រ មួយគ្រឿងដែលមានបុរសស្ត្រី ជា ប្តីប្រពន្ធជិះនៅក្នុងនោះ បណ្ដាលបែកកញ្ចក់រថយន្តជនរងគ្រោះផ្នែកខាងក្រោយ តែមិនមាន គ្រោះថ្នាក់ដល់មនុស្សទេ។ទោះជាយ៉ាងនេះក្តី ទង្វើរបស់លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុ ប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានភាគីជនរងគ្រោះដាក់បណ្តឹងចោទ ថា ជាបទល្មើសប៉ុន ប៉ងឃាតកម្ម។ បុរសជនរងគ្រោះ ឈ្មោះ ភូរិស្ស ស្តូរ៉ា់ ជាអគ្គនាយកក្រុមហ៊ុនសន្តិសុខ CPS ។

ជនរងគ្រោះ ភូរិស្ស ស្តូរ៉ា់ ថ្លែងប្រាប់ថា លោកពុំដែលស្គាល់ ឬធ្លាប់មានទំនាស់ជាមួយជនបង្កនោះ ទេ ។ប៉ុន្តែនៅយប់កើតហេតុ គឺ ជនបង្កមានលក្ខណៈស្រវឹងជោកជាំ ទើបឈានដល់ការបាញ់បំបែកកញ្ចក់ឡានរបស់លោក ។ ពេលនេះ លោកបានដាក់ពាក្យបណ្ដឹងជាផ្លូវការហើយ ដេីម្បីឱ្យសមត្ថ កិច្ចចាត់ការតាមច្បាប់ទៅលេីជនបង្ករូបនេះ ។

ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ថា បន្ទាប់ពីហេតុការណ៍បាញ់ប្រហារកេីតឡើងកាល ពីវេលាម៉ោង ០០៖៥៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលេខ៣៦៣កែងផ្លូវ៦៤៨ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ គឺ មានអន្តរាគមន៍ជា ច្រើនពីមន្ត្រីគ្រាក់ៗឱ្យមានការសម្របសម្រួលគ្នា ។ ប៉ុន្តែដោយសារជនរងគ្រោះមិនព្រមទើបឈាន ដល់ការដាក់ពាក្យបណ្ដឹង ឃាត់ខ្លួនជនបង្កតែម្តង ។

មជ្ឈដ្ឋានជាច្រើនកត់សម្គាល់ថា ឱ្យតែជនសង្ស័យជាមន្ត្រី ឬអ្នកមានស្តុកស្តម្ភនៅពេល ដែលត្រូបានចាប់ខ្លួនបញ្ជូនមកតុលាការម្ដងៗ សមត្ថកិច្ចតែងតែបេីកឡានចូលដល់ក្នុងតុលាការ ដែលអ្នកសារព័ត៌មានគ្មានសិទ្ធិចូលថតរូបឡើយ ដែលខុសគ្នាទាំងស្រុងពីជនសង្ស័យ ដែលមានសភាពក្រីក្រតោកយ៉ាក ត្រូវបណ្តេីរចូលតុលាការយ៉ាងសន្សឹមៗ ។

មាត្រា២៧ នៃក្រមព្រហ្មទណ្ឌ ចែងថា”ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះ ត្រូវបានបំពេញ ៖

-ចារីបានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដេីម្បីប្រព្រឹត្តបទល្មើស និង ចារីមិនបានបញ្ឈប់អំពើរបស់ខ្លូនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លូន ។

អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដេីម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្ដើមអនុវត្តទេ ។ ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ”។

មាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ចែងថា”អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រេីអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន)ដល់មាត្រា២០៥(បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេព សន្ថវៈ)នៃក្រមនេះ គឺ ជាឃាតកម្ម ។ ហើយបទល្មើសក្នុងអំពើឃាតកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ធនា គារពី១០ឆ្នាំទៅ១៥ឆ្នាំ ៕