អ្នកកត់កន្ទុយលេខនៅផ្សារចាស់តេប្តឹងប៉ូលិស ពេលសមត្ថកិច្ចខណ្ឌចុះហាមឃាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2019 ក+ ក-

ភ្នំពេញ ៖ កម្លាំសមត្ថកិច្ច ត្រូវក្រុមអ្នកកត់កន្ទុយលេខនៅផ្សារចាស់ ទូរស័ព្ទប្តឹងប៉ូលិស ពីបទឆក់យកថង់ខ្មៅដាក់លុយ និងក្រដាសឆ្នោតកន្ទុយលេខ បង្កជាការប្រតាយប្រតប់គ្នា ធ្វើឲ្យភ្ញាក់ផ្អើលពេញផ្សារចាស់។

ហេតុការណ៍នេះ បានកើតឡើងខណៈកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះទៅហាមឃាត់ក្រុមអ្នកកត់កន្ទុយលេខវៀតណាម កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចក្នុងផ្សារចាស់ សង្កាត់ផ្សារវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ
គេឃើញមានកម្លាំងសុន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញមួយក្រុមបានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅចំនុចផ្សារចាស់ ដោយឃើញមានស្ត្រីម្នាក់កំពុងតែអង្គុយកត់កន្ទុយលេខឆ្នោតវៀតណាម កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានស្ទុះទៅទាញថង់ខ្មៅរបស់មេឆ្នោតដែលនៅក្នុងនោះមានទាំងលុយ និងក្រដាសកន្ទុយលេខមួយចំនួន ទើបមានការប្រតាយប្រតប់គ្នារវាងមេឆ្នោត និងសមត្ថកិច្ច ។ ពេលនោះ មានស្ត្រីម្នាក់ទៀត តេទៅប្តឹងប៉ូលិសថា មានសមត្ថកិច្ចចុះឆក់យកថង់លុយរបស់ស្ត្រីមេឆ្នោតខាងលើ។

ក្រោយពេលទទួលបានព័ត៍មាននេះភ្លាម កម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បានចុះទៅធ្វើការអន្តរាគមន៏នៅកន្លែងកើតហេតុ ទើបដឹងមូលហេតុពិត ហើយក៏ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅទីនោះតែម្តងទៅ៕ ដោយ ៖ បញ្ញា