គយខេត្តព្រះសីហនុ ចាប់រថយន្តស៊េរីទំនើបអត់ពន្ធជិត៥០គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2019 ក+ ក-

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីសាខាគយ និង រដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ បានចុះចាប់រថយន្ត ស៊េរីទំនើបចង្កូតឆ្វេងចំនួន ១គ្រឿងទៀត ដែលមិនមានឯកសារបង់ពន្ធនាំចូល ឬហៅថា រថយន្ត លួចនាំចូលអត់បង់ពន្ធ ដែលធ្វើចរាចរណ៍តាមផ្លូវសាធារណៈ នាក្រុងព្រះសីហនុ។

មន្ត្រីគយ ដែលចុះចាប់រថយន្តអត់បង់ពន្ធ នេះ បានឲ្យដឹងថា រថយន្តសេរីទំនើបចង្កូតឆ្វេង ១ គ្រឿង នេះម៉ាក ALPHARD ផលិតឆ្នាំ២០១៥ និងពាក់ស្លាកលេខបន្លំ (ខេមរភូមិន្ទ 02-4866) ដែលគ្មាន ការទទួលស្គាល់ពីក្រសួងការពារជាតិ។បច្ចប្បន្នរថយន្តអត់បង់ពន្ធខាងលើនេះ ត្រូវសមត្ថកិច្ចគយ នាំយកទៅរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់គយជាបន្ត ទៀត។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយថា សកម្ម ភាព របស់មន្ត្រីគយចល័ត និងមន្ត្រីសាខាគយខេត្តព្រះសីហនុ ដែលចុះឃាត់ ចាប់ រថយន្តនាំចូល មិនបង់ពន្ធជាបន្តបន្ទាប់មកនេះ គឺធ្វើឡើងតាមការណែនាំពី របស់ថ្នាក់ដឹក នាំប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងអនុវត្តតាមការចង្អុលបង្ហាញ របស់ គណៈបញ្ជា ការ ឯកភាព នៃរដ្ឋបាលខេត្តព្រះសីហនុ។

លោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះសកម្មភាព របស់ មន្ត្រីគយ និងរដ្ឋាករខាងលើនេះ គឺមួយផ្នែកដើម្បីប្រមូលប្រាក់ពន្ធរកចំណូលចូលរដ្ឋ និងមួយផ្នែក ទៀត គឺជាយុទ្ធនាការឈានទៅជម្រុញឲ្យផ្នែកពាក់ព័ន្ធងាកចូលរួមគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ផង ដែរ។

មន្ត្រីគយបានឲ្យដឹងដែរថា ចំពោះរថយន្តសេរីទំនើបថ្មីៗ ប្រភេទចង្កូតស្តាំ គឺច្បាប់កម្ពុជា បានហាម ឃាត់មិនឲ្យមានការនាំចូលទៀតទេ។ ហើយថា ករណីនេះ សមត្ថកិច្ចបានរឹបអូស យកទុកជាទ្រព្យ សម្បត្តិរដ្ឋ ដោយអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំនោះ មកធ្វើឯកសាបង់ពន្ធ ឬមិនមានការផាក ពិន័យ អ្វីទាំងអស់។

គួរបញ្ជាក់ថា នាមូលដ្ឋានខេត្តព្រះសីហនុ ចាប់ពីចុងឆ្នាំ២០១៨ រហូតមកត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ មានរថយន្តសេរីទំនើបៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំជិត ៥០គ្រឿងហើយ ដែល មន្ត្រីគយ និងរដ្ឋាករកម្ពុជា បានរកឃើញដា មិនមានបង់ពន្ធគយ និងនាំចូលខុសច្បាប់៕