តុលាការលើកពេលជម្រះសំណុំរឿងកញ្ញា យិន ម៉ាណា បើករថយន្តបុកនិស្សិតស្រីស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2019 ក+ ក-

ភ្នំពេញ ៖ ក្រោយបើកការជំនុំជម្រះ នៅរសៀលថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៩នេះ សាលាដំបូងរាជ ធានីភ្នំពេញ បានសម្រេចលើកពេលសវនាការលើសំណុំរឿងរបស់កញ្ញា យិន ម៉ាណា ដោយមិន កំណត់ពេល ពាក់ព័ន្ធនឹងករណី បើករថយន្តទៅបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ។ សវនាការថ្ងៃនេះ មានលោក អ៊ុក សុវណ្ណារិទ្ធ ជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមាន អ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើករថយន្តទំនើប បុក និស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគារ រាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោស ជាក្រោយតាមកំណត់ច្បាប់។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹង ប្រែង រៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។

ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា កាលពីព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសារ របស់ជនបង្ក លោក យិន ង្គិចដែលបើករថយន្ដបុកកញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ។

ការព្រមព្រៀងនេះធ្វើឡើង ដោយមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ នៅក្នុងការិយាល័យ មេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី និងនៅចំពោះមុខ មេធាវី ទាំងសង ខាង ជាសាក្សី៕