វេជ្ជបណ្ឌិតពេទ្យសត្វមកពីប្រទេសថៃ បង្ហាញពីវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2019 ក+ ក-

ភ្នំពេញ ៖ ក្រោយជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅស្រុកអូរយ៉ាដាវ ខេត្តរតនគីរី មក កសិករ ចិញ្ចឹមជ្រូកជាច្រើនក្នុងប្រទេសកម្ពុជា បានបង្ហាញពីក្ដីបារម្ភ ចំពោះការរាលដាលពីជំងឺនេះ លើសត្វ ជ្រូករបស់ពួកគាត់ ។ ដោយយល់ឃើញពីក្ដីបារម្ភនេះ ក្រុមហ៊ុនផលិត  CP បានរៀបចំនូវវគ្គបណ្ដុះ បណ្ដាលមួយឡើង ដោយអញ្ជើញវេជ្ជបណ្ឌិតពេទ្យសត្វមកពីប្រទេសថៃ មកចែករំលែកពីវិធាន ការ ការពារ និងទប់ស្កាត់ជំងឺនេះ មិនអោយកើតឡើងលើសត្វជ្រូកនៅកម្ពុជាតទៅ ។

វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍មុននេះ នៅសណ្ឋាគារ ហ្កាដិនស៊ីធី ភ្នំពេញ និងមានការចូលរួមពីកសិករជាច្រើនរយនាក់ផងដែរ ។

លោក គុជ សុខគ្រុយ កសិករចិញ្ចឹមជ្រូកនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានអោយដឹងថា ក្រោយពីទទួលបានការបណ្ដុះបណ្ដាលពីវេជ្ជបណ្ឌិតជំនាញពេទ្យសត្វមក លោកលែងសូវបារម្ភ ពី ការរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកទៅលើសត្វជ្រូករបស់ពួកគាត់ទៀតហើយ ព្រោះវេជ្ជបណ្ឌិត ជំនាញ បានប្រាប់ពីវិធីក្នុងការ ការពារដល់ជ្រូកក្នុងកសិដ្ឋាន ។

លោកបន្តថា ការបណ្ដុះបណ្ដាលនេះ គឺជាការផ្ដល់ទំនុកចិត្ត និងជំរុញអោយកសិករបន្តការចិញ្ចឹម ជ្រូកបន្ថែម ដើម្បីផ្គត់ផ្គង់លើទីផ្សរ ខណៈបច្ចុប្បន្ននេះ តម្រូវការសាច់ជ្រូកក្នុងប្រទេសកម្ពុជា ច្រើន ជាងការផ្គត់ផ្គង់នៅឡើយ និងទាមទារអោយមានការនាំចូលពីប្រទេសជិតខាងមកបន្ថែមទៀត ជាក់ ស្ដែងសព្វថ្ងៃនេះ កម្ពុជាបាននាំចូលពីថៃជាច្រើនក្បាលដើម្បីបង្គ្រប់ខណៈនៅវៀតណាមក៏ផ្ទុះជំងឺ ប៉េសជ្រូកអាហ្វ្រិក នេះដែរ ។

លោក និន បូរ៉ា កសិករចិញ្ចឹមជ្រូកនៅស្រុកបាទីខេត្តតាកែវ បានមានប្រសាសន៍ផងដែរថា បន្ទាប់ ពីទទួលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះមក លោកនឹងអនុវត្តន៍តាមការណែនាំរបស់ពេទ្យសត្វ ជំនាញ ដើម្បីការពារជ្រូកពីការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ។ វិធីការពារដែលនឹងត្រូវអនុវត្តន៍នោះ គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគអោយបានទៀងទាត់ នៅជុំវិញកសិដ្ឋាន ហើយមិនត្រូវទិញសាច់ជ្រូក ដែលគ្មានប្រភពច្បាស់លាស់ពីទីផ្សារមកបរិភោគនោះទេ ។អ្វីដែលពិសេសទៀតនោះ អ្នកដទៃមក ពីក្រៅក៏មិនត្រូវអោយចូលកសិដ្ឋានជាដាច់ខាត ព្រោះមនុស្សអាចជាប្រភពចម្លងមេរោគនោះ ទៅ កាន់ជ្រូកវិញផងដែរ ។

លោកបន្ថែមថា សម្រាប់ប្រទេសកម្ពុជាលោកជឿថា អាចនឹងប្រើរយៈពេល២ឆ្នាំដើម្បីបំបាត់ជំងឺនេះ ទាំងស្រុង ព្រោះស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកើតឡើងខេត្តរតនគីរី អាចគ្រប់គ្រងបាន តែ បើសិនជាមិនមានគ្រប់គ្រងច្បាស់លាស់ វានឹងរាលដាលកាន់តែធំ និងប្រើរយៈពេលយូរដើម្បីបំបាត់ វាអស់ទាំងស្រុង៕