ខេត្តព្រះសីហនុ ៖ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាប្រារព្ធពិធីបុណ្យវិសាខបូជាតាមបែបព្រះពុទ្ធសាសនា ដោយបានឧទ្ទិសបួងសួងសុំសេចក្តីសុខជូនគ្រួសារ និងសង្គមជាតិ នៅវត្តអូរកូនដំរី ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
ពុទ្ធសាសនិកមានវ័យចំណាស់ៗ ក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិនានា ជួយបន្ទន់ចិត្តមនុស្ស ឬបុគ្គលធ្លាប់ប្រព្រឹត្តសកម្មភាពអាក្រក់ ឲ្យងាកមកធ្វើអំពើល្អ ដើម្បីរួមចំណែកថែរក្សាអភិវឌ្ឍន៍ប្រទេសជាតិឲ្យថ្កុំថ្កើង និងមានសុខសន្តិភាពជារៀងរហូតទៅ។
ថ្ងៃ១៥កើត ខែពិសាខ ដែលត្រូវចំថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩ ជាទិវាដែលពុទ្ធសាសនិកជននៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយនេះមិនដែលខកខានទេ គឺបុណ្យវិសាខបូជា។ បុណ្យវិសាខបូជានេះ មានការចាប់អារម្មណ៍ជាលក្ខណៈអន្តរជាតិ រហូតឈានដល់អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់ថា វិសាខបូជា គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិ នៅទូទាំងពិភពលោកថែមទៀតផង។
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺប៉ះចំថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ បានកើតឡើងនៅចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ។
ងាកមកខេត្តព្រះសីហនុ ឯណោះវិញ បុណ្យវិសាខបូជាឆ្នាំនេះ រដ្ឋបាលខេត្ត បានរៀបចំធ្វើពិធីដើរហែក្បួនតាមផ្លូវសាធារណៈចាប់ពីចំណុច ត្រែកត្រែង តាមផ្លូវសំខាន់ៗនានា មានផ្លូវទំនប់រលក និងផ្លូវស្រុកស្ទឹងហាវ ជាដើម ឆ្ពោះទៅកាន់វត្តអូរកូនដំរី ដែលជាវត្តដ៏អត្តខាត់ជាងគេ ក្នុងចំណោមវត្តទាំង ២៤នៅក្នុងខេត្តព្រះសីហនុ។ វត្តនេះគឺមានតែព្រះសង្ឃវ័យក្មេងៗតែពីរអង្គគត់ ដែលកំពុងគង់ចាំព្រះវស្សានៅក្នុងវត្ត។
ទាក់ទិនបុណ្យវិសាខបូជានេះដែរ លោក ម៉ន ស៊ីណា គណៈកម្មការវត្ត អូរកូនដំរី បានបួងសួងឲ្យប្រជាពលរដ្ឋមូលដ្ឋាននេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ទាំងមូលមានសុខភាពល្អ និងការរស់នៅរីកចម្រើនគ្រប់ក្រុមគ្រួសារ។ ជាងនេះ លោកក៏ស្នើឲ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ឲ្យបន្តចូលរួមសហការលើការងារអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានខេត្តព្រះសីហនុ ឲ្យរីកចម្រើនថែមទៀតនាថ្ងៃអនាគត។
លោក ម៉ន ស៊ីណា ឆ្លៀតរំឭកដល់ប្រជាពលរដ្ឋឲ្យបន្តចូលរតចូលរួមពិធីបុណ្យវិសាខបូជា ដែលកម្ពុជា តែងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឲ្យស្ថិតក្នុងបេះដូងរបស់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូបជារៀងរហូត ហើយលោកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវងាកមកចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល មានការរីកចម្រើននាថ្ងៃខាងមុខ ដើម្បីមានឱកាសដើរធ្វើបុណ្យទានរួមគ្នាជាបន្តទៀត។
ស្ត្រីវ័យចំណាស់ឈ្មោះ ហ៊ន នី ជាប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអូរកូនដំរី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានមកចូលរួមបុណ្យវិសាខបូជា កាលពីព្រឹកថ្ងៃទី១៨ ខែខែឧសភា បង្ហាញអារម្មណ៍រីករាយពេលបានរួមធ្វើបុណ្យវិសាខបូជា ជាមួយពុទ្ធបរិស័ទដែលមកពីទីជិតទីឆ្ងាយ។
ជាមួយគ្នានេះដែរ ព្រះតេជគុណ ម៉ាន់ ភក្តី ព្រះចៅអធិការនៅវត្តអូរកូនដំរី នេះ បានមានថេរដីកាថា បើគិតមកដល់ពេលនេះ បុណ្យវិសាខបូជា មានអាយុកាល ២.៥៦២ឆ្នាំហើយ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនាបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ជាអាយុរបស់ព្រះពុទ្ធសាសនា ពីព្រោះពុទ្ធសាសនារាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន៕ ដោយ ៖ ន.រ