ខេត្តកំពង់ចាម ៖ របបខ្មែរក្រហមដែលបង្កើតឡើងនូវអំពើឧក្រិដ្ឋកម្មមនុស្សជាតិ កាលពី៤៤ឆ្នាំមុន (១៩៧៥ -២០១៩) ត្រូវបានផ្តួលរំលំអស់ទាំងស្រុងហើយ តែវិនាសកម្ម នៃអំពើឃោរឃៅដ៏ព្រៃផ្សៃនៃរបបនេះ បានបន្សល់ទុកនូវស្លាកស្នាមសោកនាដកម្មសែនឈឺចាប់់ នៅជាប់ដិតដាមក្នុងជីវិតប្រជាជនកម្ពុជាគ្រប់ៗរូប។
ថ្ងៃ២០ ឧសភា ជាទិវារំឮកដល់ជនរងគ្រោះ និង ការឈឺ ចាប់ពីឧក្រិដ្ឋកម្ម ដែល បាន កើតឡើង ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុលពត ចន្លោះ ពីថ្ងៃ ទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃ ៦ មករា ឆ្នាំ ១៩៧៩ ។ ថ្ងៃ ២០ ឧសភា ត្រូវបាន រាជរដ្ឋាភិបាល កំណត់ ជា ថ្ងៃបុណ្យ ជាតិ ដែល ត្រូវ ឈប់សម្រាក ស្របតាម អនុក្រឹត្យ លេខ ១៩ អនក្រ . បក ចុះ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។
គោល បំ ណង នៃ ទិវា ជាតិ នៃ ការចងចាំ ថ្ងៃ ២០ ឧសភា គឺ បង្កើតឡើង ដើម្បី រំឭក និង គោរព វិញ្ញាណក្ខន្ធ និង ធ្វើ បុណ្យឧទ្ទិសកុសល ដល់ ជនរងគ្រោះ ដែល បាន ស្លាប់ ជាង ៣ លាន នាក់ នៅក្នុង របប ប៉ុលពត ដ៏ ឃោរឃៅ ។
ប្រជាពលរដ្ឋ កម្ពុជា ភាគច្រើន លើសលុប បានដឹង និង យល់ច្បាស់ អំពី រឿងរ៉ាវ សោកនាដកម្ម ដ៏ ជូរចត់ ក្នុង របប ខ្មែរក្រហម ដែលជា ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀស ចេញពី ទីលំនៅ របស់ខ្លួន ដោយ បង្ខំ និង ការបង្ខំ ឱ្យធ្វើ ការ ដូច សត្វ គ្មាន ពេល សម្រាក ពេល ឈឺ គ្មាន ថ្នាំសង្កូវ ព្យាបាល គ្មាន អាហារ បរិភោគ ឆ្អែត គ្មាន សិទ្ធិសេរីភាព គ្មាន លទ្ធិប្រជាធិបតេយ្យ ហើយ សូម្បីតែ សិទ្ធិ រស់រានមានជីវិត ដែលជា សិទ្ធិ មូលដ្ឋាន មាន ពី កំណើត របស់ មនុស្ស ក៏ គ្មាន ដែរ នៅក្នុង របប ខ្មែរក្រហម ប៉ុលពត រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។
នៅ ឆ្នាំនេះ ទិវា នៃ ការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៩ នឹង ជួបជុំ រាប់ បាត នៅ មណ្ឌលឧក្រិតកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន និងបងប្អូនប្រជាពលរដ្ឋ ជាច្រេីននាក់ ដើម្បី ឧទ្ទិស កុសល ជូន ដល់ អ្នកស្លាប់ ក្នុង របប ខ្មែរក្រហម ដូច រៀងរាល់ឆ្នាំ ។ រីឯនៅតាមបណ្តាស្រុកក្រុងនានា អាជ្ញាធរ ក៏នឹង រៀបចំពិធីជួបជុំ រម្លឹកដល់សោកនាដកម្មនេះផងដែរ៕ ដោយ ៖ សុផល