អាជ្ញាធរថៃ ហាមមិនឲ្យនាំចូលជ្រូករស់ ​និងផលិតផលសាច់ជ្រូកពីកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2019 ក+ ក-

បន្ទាយមានជ័យ ៖ ធុងបាស់ប្លូធូមួយគ្រឿងត្រូវបានអាជ្ញាធរថៃ ដាក់តាំងនៅមាត់ច្រកតំបន់ណងព្រឺ ប្រឈមនឹងទឹកដីកម្ពុជាជាប់ច្រកតំបន់ម៉ាឡៃ ក៏ដូចជាច្រកតំបន់នានា និងច្រទ្វារអន្តរជាតិ ក្នុងខេត្តស្រះកែវ ដោយបើកបំពងសំលេងប្រកាសពីសេចក្តីជូនដំណឹងហាមនាំចូលជ្រូករស់ និងផលិតផលពីសាច់ជ្រូកគ្រប់មុខចេញពីកម្ពុជាខណៈជ្រូករស់ និងសាច់ជ្រូកថៃមួយថ្ងៃៗ នាំចូល​មកកម្ពុជាតាមច្រកអន្តរជាតិ និងតំបន់រាប់រយក្បាល និងសាច់រាប់តោន។

ក្នុងការបំពងសម្លេងនោះ ភាគីថៃបានប្រកាស់ថា “សេចក្តីជូនដំណឹងបងប្អូនកម្ពុជា ដែលធ្វើដំណើរចូលប្រទេសថៃ ហាមនាំចូលសាច់ជ្រូកគ្រប់មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់ យកចូលប្រទេសគេជាដាច់ខាត។

បើត្រួតពិនិត្យឃើញសាច់ហាមឃាត់ខាងលើ គេនឹងធ្វើការដាក់គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់មិនក្រោមពី២សែនបាត ដោយលើកឡើងថា ដើម្បីជៀសវាងការឆ្លងមេរោគ(អហ៊ីវ៉ាអាភិកា)នៅក្នុងសាច់ជ្រូក ដែលមានការឆ្លងមេរោគនេះនៅកម្ពុជា។
សេចក្តីប្រកាសបន្តថា បើលោកអ្នកនាំផលិតផលទាំងអស់នោះទៅជាមួយ ត្រូវយកទៅដាក់កន្លែងដែលសមត្ថកិច្ចរបស់គេត្រៀមទុកឲ្យ។

សេចក្តីជូនដំណឹងរបស់ថៃ នេះ មានពលរដ្ឋមួយចំនួនរស់នៅតាមបន្ទាត់ព្រំដែនសម្តែងប្រតិកម្មថា ហាក់មិនស្មើភាព ព្រោះពួកគាត់ឃើញជ្រូករស់និងសាច់ជ្រូកឬគ្រឿងក្នុងជ្រូវត្រូវគេនាំចូលកម្ពុជាតាមច្រកអន្តរជាតិនិងតំបន់ក្នុងខេត្តបន្ទាយមានជ័យមួយថ្ងៃៗរាប់រយក្បាលនិងទាំងតោនៗ។

ប្រភពពីពលរដ្ឋនៅស្រុកម៉ាឡៃនិយាយថាតាំងពីភាគីថៃ ប្រកាសនៅសេចក្តីជូនដំណឹងខាងលើ ពលរដ្ឋកម្ពុជាមិនអាចនាំសាច់ជ្រូក ឬផលិតផលដែលធ្វើពីសាច់ជ្រូកចូលប្រទេសថៃ ទៅលក់នៅផ្សារណងព្រឺ ជាប់មាត់ច្រកតំបន់ម៉ាឡៃ ទេ សូម្បីយកទៅទទួលទានក៏ដោយ។ប្រភពបន្តថា សូម្បីតែសាច់ជ្រូកទិញពីទឹកដីថៃ យកធ្វើសាច់ក្រក នៅដីខ្មែររួចយកទៅលក់នៅលើដីថៃវិញ ក៏គេមិនអនុញ្ញាតដែរ។

ជុំវិញកានាំចូលជ្រូកពីថៃតាមច្រកតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួនថាតើក្នុងមួយថ្ងៃៗប៉ុន្មានក្បាលលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ដោយទូរស័ព្ទចុចចូលជាច្រើនដង គ្មានអ្នកទទួល។

យ៉ាងណាក៏ដោយ សេចក្តីប្រកាសរបស់ភាគីថៃ ចំពោះការហាមនាំចូល ជ្រូករស់ និងផលិតផលធ្វើពីសាច់ជ្រូកនេះ យោងការសាកសួរមន្ត្រី និងសមត្ថកិច្ចជំនាញប្រាប់ថា កើតមានតាំងពីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងកើតមានគ្រប់មាត់ច្រកតំបន់ និងច្រកអន្តរជាតិ ក្នុងទឹកដីខេត្តស្រះកែវ របស់ថៃ ឬអាចតាមច្រកតំបន់ និងអន្តរជាតិខេត្តផ្សេងៗ ជាប់ព្រំដែនកម្ពុជាផងដែរ៕