រដ្ឋបាលរាជធានី និងអង្គកា JICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយទឹកកខ្វក់នៅបឹងជើងឯក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2019 ក+ ក-

ភ្នំពេញ ៖ ក្រោយពីសិក្សាស្រាវជ្រាវអស់រយៈពេល ១២ខែបានបញ្ចប់តាមគម្រោងផែនការ ដែលបានកំណត់ទុក នៅព្រឹកថ្ងៃទី២៣ ឧសភានេះ អភិបាលរាជធានីភ្នំពេញ ​លោក ឃួង ស្រេង និង លោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr. lto Minpei) ប្រធានដឹកនាំក្រុមការងារត្រៀមការសិក្សាស្រាវជ្រាវទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខា លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ក្រោយពីសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែត្រូវបានបានបញ្ចប់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អប្រព័ន្ធ ទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញដែលគម្រោងនេះ បានផ្តោតសំខាន់ទៅលើការធ្វើអោយប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាពនិរន្តរភាព និងការពារបរិស្ថាន ព្រមទាំងបានលើកកម្ពស់ដល់សោភ័ណភាពរាជធានីភ្នំពេញ សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុខភាព ផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកអភិបាល ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែលើកទឹកចិត្តឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលរាជធានីភ្នំពេញ លើការភិវឌ្ឍន៍ កសាងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការការទូត ដែលជាការរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញកាន់តែរីកចម្រើនថែមទៀត។

ជាមួយគ្នានេះលោក ឃួង ស្រេង វាយតម្លៃខ្ពស់ចំពោះក្រុមការងារគម្រោងរបស់JICA មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន ស៊ីធីអាយ ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវអស់រយៈពេល១២ខែ រហូតបានបញ្ចប់ការសិក្សានិងដាក់ចេញជារបាយការណ៍បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក ហើយឈានមកដល់ការចុះហត្ថលេខា លើព្រមព្រៀងរវាងភាគី ទាំងពីរនាពេលនេះ។
ឯកឧត្តមអភិបាលរាជធានី បានចាត់ទុកថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក នឹងត្រូវក្លាយជាគម្រោងគំរូ ដំបូងបង្អស់ សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញលើការកែឆ្នៃទឹកកខ្វក់ ក្នុងបរិមាណ៥០០០ម៉ែត្រគូប/ថ្ងៃ ដែលមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ហើយសង្ឃឹមថាគម្រោងនេះ នឹងត្រូវបានអនុម័តជាផ្លូវការពីរាជរដ្ឋាភិបាលជប៉ុននាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិតអ៊ីតូមិមប៉េអ៊ិ បានមានប្រសាសន៍លើកឡើងថា ជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួរបធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរ និងសត្វយ៉ាងខ្លាំងក្លា។ តាមលទ្ធផលនៃការស្រាវជ្រាវ ការស្តារបរិស្ថានឡើងវិញ គឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។ បញ្ហានេះ ចំណុចសំខាន់ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹក នៅតំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ។

លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះអាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប។ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផងដរ។លោកបានបញ្ជាក់ផងដែរថាក្រោយការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯកនេះរួចយើងនឹងបញ្ជូនទៅឲ្យរាជរដ្ឋាភិបាលជប៉ុនដើម្បីធ្វើការអនុម័តចុងក្រោយ៕ ដោយ ៖ សំរឹទ្ធ