គណបក្សនយោបាយទាំងអស់ បានបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2019 ក+ ក-

ភ្នំពេញ ៖ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ រយៈពេល ៨ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ នៅទូទាំងប្រទេស ត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះ ដោយជាទូទៅ យុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មាន អំពើហិង្សាកើតឡើងនោះឡើយ។

ក្នុងពិធីបិទយុទ្ធនាការនេះ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ឧសភានេះ លោក វង សូត មានប្រសាសន៍ថា យុទ្ធនាការពិត ជាបានប្រព្រឹត្តិ ទៅដោយរលូន និងអាចទទួលយកបានទាំងអស់គ្នា ដោយយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើស រើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នេះ ត្រូវបិទបញ្ចប់ទៅតាមប្រតិទិន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃ នេះ ហើយថ្ងៃស្អែកទី២៥ ឧសភា ជាថ្ងៃត្រូវស្ងប់ស្ងាត់ រួចហើយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គឺជាថ្ងៃបោះឆ្នោត។

ដូច្នេះ ចំពោះអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ដែលជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សូមត្រៀម លក្ខណៈឱ្យបានគ្រប់គ្រាន់ដូចជា ការរក្សាសុខភាពឱ្យបានល្អ ដើម្បី ធានាថាអាចទៅបោះឆ្នោតបាន នៅថ្ងៃបោះឆ្នោត ហើយជាពិសេសសូមកុំភ្លេចយកទៅជាមួយ នូវឯកសារនានាដែលជាតម្រូវ ការ សម្រាប់ការបោះឆ្នោតនេះ។

សូមជម្រាបជូនថា សម្រាប់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានអ្នកបោះឆ្នោតដែលជា សមាជិក ក្រុមប្រឹក្សាឃុំសរុបចំនួន ៨០នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៧៨ នាក់ មកពី គណបក្សហ៊្វុនស៊ីនប៉ិចចំនួន ១នាក់ និងមកពីគណបក្សខ្មែររួបរួមជាតិចំនួន ១នាក់ និងមានគណ បក្សនយោបាយចំនួន ៤ ចូលរួមនៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសក្រុម ប្រឹក្សាស្រុក ពញា ក្រែកចំនួន ២១រូប រួមនិងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំផងដែរ ដោយ អ្នកបោះឆ្នោតម្នាក់ត្រូវបោះឆ្នោតចំនួន ២សន្លឹក គឺ ១សន្លឹកសម្រាប់ការ ជ្រើសរើសសមាជិក ក្រុម ប្រឹក្សា ក្រុង ឬ ស្រុក ឬ ខណ្ឌ និង ១សន្លឹកទៀតសម្រាប់ការជ្រើស រើសក្រុមប្រឹក្សារាជធានី ឬ ក្រុម ប្រឹក្សាខេត្ត ហើយក្នុងពិធីបិទយុទ្ធនាការនេះដែរ លោក វង សូត បានស្នើសុំឱ្យអ្នកបោះឆ្នោតទាំង អស់របស់គណបក្សប្រជាជនកម្ពុជាបោះឆ្នោតដោយ ត្រឹមត្រូវ មានន័យថា បានបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជាដោយពិតប្រាកដ គឺមិនគូសច្រឡំឡើយ៕