សត្វក្ងោកដ៏កម្រក្នុងព្រៃសហគមន៍ នៅស្រុកសាមគ្គីមានជ័យ កំពុង​រងការបាញ់សម្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

ខេត្តកំពង់ឆ្នាំង ៖ កាលពីពេលថ្មីៗនេះ មានជនល្មើសមួយក្រុមជិះឡានទំនើប ប្រដាប់ដោយកាំភ្លើង បាញ់សត្វ បានលួចចូលទៅបាញ់សត្វក្ងោក នៅព្រៃសហគមន៍ ក្បែរវត្តភ្នំព្រះធាតុស្ថិត ក្នុងភូមិច្រក កូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ នេះបើតាមការអះអាងរបស់ គណៈកម្មការវត្ត ភ្នំព្រះធាតុ។

លោកតា ចន្ទ័ ពន្លឺ ប្រធានគណៈកម្មការវត្ត ភ្នំប្រធាតុ បានមានប្រសាសន៍ប្រាប់ភ្នាក់ងារព័ត៌មាន នៅ រសៀលថ្ងៃទី២៥ ខែឧសភា នេះថា កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅនេះ មាន ជនល្មើសមួយ ក្រុមជិះឡានយ៉ាងទំនើប មានគ្នីគ្នា ៣នាក់ ប្រដាប់ដោយកាំភ្លើងបាញ់សត្វមួយដើម បានមកលួច បាញ់សត្វក្ងោកមួយក្បាល នៅក្នុងព្រៃសហគមន៍ ដែលមានទីតាំងស្ថិតជាប់នឹងវត្តភ្នំប្រធាតុ ។

ខណៈកូនសិស្សគណរបស់វត្ត បានលួចថតរូបភាពពីសកម្មភាពនៃការបាញ់សត្វក្ងោកខាងលើនេះ ទៀតផង បន្ទាប់មកពួកក្រុមល្មើសទាំងនោះ បានរត់ឡើងរថយន្តចេញអស់ទៅ។ លោកបានបញ្ជាក់ថា កាលពីបួនប្រាំថ្ងៃមុន ក៏មាន ការលួចបរបាញ់សត្វក្ងោកនេះដែរ ប៉ុន្តែសត្វក្ងោក ត្រូវគ្រាប់បានធ្លាក់ចូលមកងាប់នៅក្នុងវត្ត ហើយត្រូវបានគណៈកម្មការរើសយកទៅ ឆ្កាងដើម្បីរក្សា ទុក។

គណៈកម្មការវត្តបានបញ្ជាក់ថា នៅក្នុងព្រៃសហគមន៍ ដែលជាប់នឹងភ្នំប្រធាតុ មានសត្វក្ងោក ជាច្រើនក្បាល ជាមួយគ្នានោះ ក៍មានសត្វឈ្លូស ទន្សាយ ជ្រូកព្រៃ និងសត្វព្រៃ ជាច្រើនទៀត ហេតុ នេះហើយ លោកសូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយការពារថែរក្សា សត្វព្រៃ ទាំងនោះផង ជាពិសេសសត្វក្ងោក ដែលជាសត្វយ៉ាងកម្រ។ ម៉្យាងវិញទៀតនៅតំបន់ខាងលើនេះ ជាតំបន់ទេសចរណ៍ផង ប្រសិនបើមានសត្វព្រៃ ទាំងនោះ សម្រាប់ការទស្សនាកម្សាន្ត នោះភ្ញៀវទេសចរនឹងកាន់តែកើនឡើងជាមិនខាន៕