ក្នុងផ្សារស្នួលជិតព្រំដែនវៀតណាម រកឃើញទំនិញខូចគុណភាពច្រើនប្រភេទ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

ខេត្តក្រចេះ ៖ ទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់មានជាច្រើនប្រភេទ ដូចជាទឹក ដោះគោ ភេសជ្ជៈដប នំកញ្ចប់ ត្រូវបានក្រុមមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត ចុះស្រាវជ្រាវរុករក ឃើញកំពុងតែដាក់លក់នៅក្នុងផ្សារស្នួល ដែលជាផ្សារក្បែរព្រំដែនប្រទេសវៀតណាម ស្ថិតក្នុងស្រុក ស្នួល និងនៅក្នុងផ្សារមួយកន្លែងទៀត ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។

នេះជាការរកឃើញថ្មីមួយទៀត ពីក្រុមន្រ្តីជំនាញសាខាកាំកុងត្រូលខេត្ត ក្រោមការដឹកនាំចុះត្រួត ពិនិត្យពីលោក យាង បាក់ អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ ទៅលើទីតាំងលក់ទំនិញធំៗ ជា ច្រើនកន្លែង នៅក្នុងផ្សារនៅក្នុងស្រុកស្នួល និងផ្សារនៅស្រុកចិត្របុរី នៅថ្ងៃទី២៤ ខែឧសភា នេះ ។

អនុប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ លោក យាង បាក់ បានថ្លែងប្រាប់ឱ្យដឹងថា មុខទំនិញ ជាច្រើនប្រភេទសុទ្ឋសឹងជាគ្រឿងបរិភោគ ដែលកំពុងតែដាក់លក់នៅក្នុងផ្សារស្នួល ត្រូវបានអាជ្ញាធរ ជំនាញរកឃើញមានផ្ទុកសារធាតុគីមីមួយប្រភេទឈ្មោះSodiumHydrosulfite (សូល្យូមហ៊ីដ្រូសូវិត)។

ដែលសាធាតុគីមីនេះត្រូវបានលោកអះអាងថា បង្កឱ្យប៉ះពាល់សុខភាពដល់អ្នកទទួលទានជាខ្លាំង ដូច ជា ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ រាករូស និងអាចធ្វើឱ្យមនុស្សស្លាប់ បាន។

ក្រុមមន្រ្តីដែលចុះប្រតិបត្តការណ៍រុករក បានបញ្ជាក់ថា ជំនាញបានបន្តសកម្មភាពមក ត្រួតពិនិត្យ លើមុខទំនិញផ្សេងទៀត នៅតាមតូបលក់ទំនិញនានានៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី និងក៏បានរកឃើញ នូវគ្រឿងភេសជ្ជៈ ជិត ២០កេស ដែលសុទ្ឋសឹងផុតកំណត់ប្រើប្រាស់។

ក្រុមមន្រ្តីបានអះអាងថា រាល់មុខទំនិញដែលបានស្រាវជ្រាវរកឃើញទាំងពីរផ្សារខាងលើ មាន ដូចជា គ្រឿងបរិភោគ និងគ្រឿងភេសជ្ជៈ គឺត្រូវអាជ្ញាធរសម្រេចធ្វើការរឹបអូសនាំយករក្សាទុក ដើម្បី ប្រមូលរៀបចំកម្ទេចចោល។

គួរបញ្ជាក់ផងដែរថា ទីតាំងផ្សារលក់ទំនិញទាំងពីរខាងលើដែលអាជ្ញាធរខេត្តបានចុះទៅ ពិនិត្យ ដើម្បីរឹតបន្តឹងសុវត្ថិភាពចំណីអារហារដល់ពលរដ្ឋជាអ្នកទទួលទាននេះ គឺសុទ្ឋសឹងជាផ្សារលក់ទំនិញ នៅស្រុកគោលដៅ ដែលធ្លាប់រងគ្រោះដោយការពុល ដូចជាករណីពុលស្រា ពុលសាច់ឆ្កែ និងពុលនំ ចំណីអាហារជាដើម ហើយអក្ការពុលទាំងនេះ បានបណ្តាលឱ្យមានពលរដ្ឋរងគ្រោះ រហូតដល់ស្លាប់ ទៀតផង ៕ ​ដោយ ៖ ផល្លា