ចាប់រថយន្តដឹកសត្វពស់ចម្រុះជិត ១០០គីឡូក្រាម នៅខេត្តពោធិ៍សាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

ខេត្តពោធិ៍សាត់ ៖ មន្រ្ដីជំនាញរដ្ឋបាលព្រៃឈើរួមមាន អធិការដ្ឋានខាងត្បូងបឹងទន្លេសាប ខណ្ឌសង្កាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្រ្កាប ឃាត់ចាប់រថយន្ត ១គ្រឿង ឆែកឆេរឃើញសត្វពស់ចំនួន ៥ស្បោង ដាក់ក្នុងកេសបិទស្កុតជិត ចំនួន ៥កេស មានទម្ងន់ ប្រមាណជិត ១០០គីឡូក្រាម។

ប្រតិបត្តិការខាងលើធ្វើឡើងនៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។អាជ្ញាធរជំនាញបានឲ្យដឹងថា អ្នក បើកបរ និងជាម្ចាស់រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2B-1410 មានប្រពន្ធ និងកូនស្រីតូចម្នាក់ផង ក្នុងរថយន្តមានកេសក្រដាសចំនួន ៥កេស បង្កប់សត្វពស់ជាច្រើនក្បាល។

សេចក្តីរាយការណ៍បន្តថា ពួកគាត់ស៊ីឈ្មួលដឹកឲ្យគេចេញពីចំណុចឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមិនដឹងថា កេសទាំងនោះ ជាកេសដាក់សត្វពស់នោះទេ។

ប្រភពព័ត៌មានពីមន្រ្ដីជំនាញ ក្នុងប្រតិបត្តិការចុះបង្ក្រាបបានឲ្យដឹងដែរ ថា ក្រោយពីបានបកស្កុតដែល បិទលើកេសក្រដាសចំនួន០៥កេស ឃើញថា ក្នុង១កេស មានសត្វពស់ចំនួន១ស្បោង ដោយមិនទាន់ បានកំណត់ចំនួនសត្វពស់ច្បាស់លាស់នៅឡើយទេ តែគ្រាន់តែដឹងថាទាំងអស់មានទម្ងន់ប្រមាណ ជិត ១០០គីឡូក្រាម។ មន្រ្ដីជំនាញបន្តទៀតថា សត្វពស់ទាំងអស់មានច្រើនក្បាល មិនបានរាប់នោះឡើយ ហើយក៏មិនទាន់បានដឹងប្រភេទអ្វីខ្លះនោះដែរ ខណៈកំពុងមមាញឹកបន្តនីតិវិធីនៅឡើយ៕