រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកទី១២ ឆ្នាំ២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2019 ក+ ក-

ខេត្តបាត់ដំបង ៖ នាព្រឺកទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្នងការដ្ឋាននគបាលខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានប្រារព្ធទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ឆ្នាំ២០១៩ដែលធ្វើឡើងនៅខាងមុខសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអ ភិបាលខេត្ត និងជាប្រធានអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។
មានប្រសាសន៍ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២-២០១៩នេះលោក ងួន រតនះ អភិបាលខេត្ត បានលើកឡើងថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន គឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តផងដែរ។

ដែលកត្តាទាំងអស់នេះហើយបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរបណ្តាលឱ្យរបួសពិការ ឬបាត់បង់ជីវិតមនុស្សយ៉ាងអាណោច អាធ័ម រួមជាមួយ នឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន និងបានបន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម រួមជាមួយផលវិបាកជាច្រើនទៀតនៅក្នុងសង្គមកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវទៅដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយសូមចូលរួមយកចិត្តទុកដាក់នូវ វិធានការដូចខាងក្រោម ៖

១. អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗ គ្នាទោះជិតឬឆ្ងាយ
២. មុនពេលបើកបរយានជំនិះត្រូវត្រួតពិនិត្យបច្ចេកទេសឱ្យបានម៉ត់ចត់ និងលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នជានិច្ច
៣. អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា
៤. អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានល្អ មិនថាជិតឬឆ្ងាយ
៥. សូមបន្ថយល្បឿនបើកបរទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង…ជាដើម
៦. មុននឹងវ៉ាជែងត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរអាចវ៉ាជែងដោយសុវត្ថិភាពកុំប្រថុយ ប្រថាន
៧.ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងគោរពសិទ្ធិអាទិភាព គឺត្រូវបន្ថយល្បឿន
៨.”បើពិសារគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង” ព្រោះបើស្រវឹង អ្នកបើកបរនឹងបាត់ភាពម្ចាស់ការលើខ្លួនឯង
៩.ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់
១០.ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូបមេត្តាអត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាងការប្រើអំពើហិង្សា ត្រូវរួមគ្នាដោះស្រាយតាមនីតិវិធី។

ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួលការងារចរាចរណ៍ខេត្ត បានមានប្រសាសន៍ថា បញ្ហាប្រឈមខ្លះៗពាក់ព័ន្ធនិងមន្ត្រីអនុវត្តច្បាប់ ទី១ សំខាន់ទៅលើអ្នកធ្វើចរាចរណ៍ ការដឹកលើស ការដឹកសំពីងសំពោងជាដើម ដែលពេលខ្លះគាត់តម្រូវអោយប៉ូលីសផាកពិន័យ ខ្លះទៀតបានបើកគេចផងដែរ។

ហើយបញ្ហាការដឹកសំពីងសំពោងនេះដែរ បើសិនជាមានការលើសកំរិតពីផ្លូវច្បាប់ យើងធ្វើការផាកពិន័យរួចរាល់ហើយ តម្រូវអោយគាត់រុះរើ ផ្ទេរឥវ៉ាន់ អោយត្រូវតាមកម្ពស់ ទទឹង និងបណ្តោយផងដែរ ហើយមួយវិញទៀតអ្វីដែលសំខាន់មន្ត្រីជំនាញរបស់លោកសហការជាមួយ អង្គការ មន្ទីរសាធារណការ និងកាកបាទក្រហមកម្ពុជាខេត្តដោយចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងនៅសាលារៀនផងដែរ។

គួរបញ្ជាក់ថា ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ -២០១៩ នាព្រឹកនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរង ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត សរុប ប្រមាណជាង ៥០០ នាក់បានចូលរួម៕ ដោយ ៖ សុផល