អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2019 ក+ ក-

​ខេត្តកំពង់ចាមៈ លោក គួច ចំរើន អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នេះ បានដឹកនាំប្រតិភូ នាំអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់វាយបំផ្លាញផ្ទះសម្បែងចំនួន៧៩គ្រួសារ ស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

លោក គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដោយបានសម្ដែងការសោកស្ដាយ និងចូលរួមរំលែកនូវទុក្ខលំបាក ចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបង្កឡើងដោយកត្តាធម្មជាតិ និងប៉ះពាល់លំនៅឋានរបស់បងប្អូននាពេលនេះ។

លោក គួច ចំរើន ក៏បាននាំយកនូវអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋទាំង៧៩គ្រួសារក្នុងនោះ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្គរ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១ លានរៀល ។ ចំណែក គ្រួសាររងគ្រោះមធ្យមមានចំនួន ១២គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ១០ កំប៉ុង ថវិកា ៣០ម៉ឺនរៀល ។ ដោយឡែកគ្រួសាររងគ្រោះស្រាល ចំនួន ៦៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ឃីត ១កញ្ចប់ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ទឹកត្រី ៦ដប ត្រីខ ១០កំប៉ុង និងថវិកា ១០ម៉ឺនរៀល ។

គួររំឭកថា កាលពីថ្ងៃទី២៣ និង២៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅតំបន់ខាងលើមានភ្លៀងធ្លាក់មួយមេ លាយឡំដោយខ្យល់កន្ត្រាក់ បានវាយបោកបក់បណ្ដាលឲ្យប៉ះពាល់ផ្ទះជាច្រើនខ្នង ខ្លះរលំ ខ្លះទ្រេត និងខ្លោះទៀតប៉ើងដំបូលផ្ទះ ខូចខាតចំនួន៧៩ខ្នងផ្ទះ តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត ឬរងគ្រោះដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។ មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់មួយចំនួន ក៏បានម្ចាស់ការក្នុងការសាងសង់លំនៅឋានឡើងវិញដោយខ្លួនឯង៕ ដោយ ៖ សុផល