ក្រុមហ៊ុនអគ្គិសនី General Electric នៅបារាំងគ្រោងកាត់បន្ថយពលកម្ម១ពាន់កន្លែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2019 ក+ ក-

បរទេស ៖ ប្រភពពីសហជីពមួយ បាននិយាយថា ក្រុមហ៊ុនអគ្គិសនី General Electric (GE) របស់ អាមេរិក បានប្រកាសផែនការមួយ ដើម្បីកាត់បន្ថយការងារចំនួន 1000 កន្លែង នៅក្នុងប្រទេសបារាំង ជាការផ្លាស់ប្តូរមួយ ដែលធ្វើអោយក្រុមហ៊ុនអាមេរិកមួយនេះ មានការខ្វែងគំនិតគ្នា ជាមួយរដ្ឋាភិបាលបារាំង ដែលបានទទូចមិនអោយក្រុមហ៊ុនអគ្គិសនី General Electric GE កាត់បន្ថយការងារ នៅក្នុង ប្រទេសបារាំង។

ការកាត់បន្ថយការងារ តាមផែនការរបស់ក្រុមហ៊ុនអគ្គិសនី General Electric GE នឹង កើតឡើងតាមគោលការណ៍ នៅតំបន់ Belfort នៅភាគខាងកើតប្រទេសបារាំង។ តំបន់ Belfort បានប្រឈមនឹងហានិភ័យនៃការកាត់បន្ថយការងារ ខណៈដែលក្រុមហ៊ុន អគ្គិសនី General Electric GE ស្វែងរកការសន្សំសំចៃប្រាក់ ហើយ រដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយ កាលពីសប្តាហ៍មុនថា លោកបានស្នើសុំឱ្យក្រុមហ៊ុន អគ្គិសនី General Electric GE កុំបិទកន្លែងណាមួយនៅប្រទេសបារាំង ឡើយ។

កាលពីខែមុន ក្រុមហ៊ុនអគ្គិសនី General Electric GE បានរាយការណ៍ នៅក្នុងត្រីមាស ទីមួយ របស់ខ្លួនថា ក្រុមហ៊ុនបានបង្កើតប្រាក់ចំណេញកាន់តែច្រើន ហើយបានបាត់បង់ សាច់ប្រាក់តិច ជាងការរំពឹងទុក ទោះជានាយកប្រតិបត្តិក្រុមហ៊ុនថ្មី លោក Larry Culp បានព្រមានថា ក្រុមហ៊ុននៅតែមានបញ្ហាលើសម្ពាធលំហូរសាច់ប្រាក់អវិជ្ជមានក៏ដោយ៕