រដ្ឋមន្រ្តីការពារជាតិចិន ថ្លែងថា គ្មានមូលដ្ឋានយោធារបស់ចិននៅកម្ពុជាទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

សឹង្ហបូរី ៖ ឆ្លើយតបទៅនឹងសំនួររបស់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ នៅប្រទេសសឹង្ហបូរី នាថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០១៩ នេះ លោកនាយឧត្តមសេនីយ៍ វ័យ ហ្វ៊ុងហរ័ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានបញ្ជាក់ថា អត់មានមូលដ្ឋានយោធារបស់ចិននៅកម្ពុជាទេ។

កន្លងមកមានលេចឮពាក្យចរចោមរ៉ាមថា ប្រទេសចិនបានកសាងមូលដ្ឋានយោធារបស់ខ្លួននៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ជាទីតាំង ដែលក្រុមហ៊ុន ញូញៀនមកពីប្រទេសចិនកំពង់ធ្វើការអភិវឌ្ឍ។

ការបដិសេធរបស់រដ្ឋមន្ត្រីការពារជាតិចិននៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ ជាការបញ្ចាក់ច្បាស់ថា ចិនអត់មានកសាងមូលដ្ឋានយោធានៅក្នុងប្រទេសកម្ពុជាទេ ។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៨ (The Shangri-La Dialogue) សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំដោយ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនេះ អមតំណើរដោយ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខ ភ ម និង លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ ។

ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នៅប្រទេសសឹង្ហបូរី ប្រមុខការពារជាតិមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកនិង អឺរ៉ុប បានឡើងថ្លែងសន្ទរកថាគន្លិះដើម្បីប្រាប់អោយពិភពលោកបានដឹងអំពីភាពស្មុកស្មាញ និង ការប្រឈម ផ្នែកសន្តិសុខក្នុងពេលបច្ចុប្បន្ន ព្រមទាំងបាន ចែក រំលែក នូវទស្សនៈសភាពការណ៍ថ្មីៗចំណេះដឹងនិងបទពិសោធន៏ ដើម្បីជាប្រយោជន៏នាំមកនូវ សន្តិភាព និង ស្ថេរភាពក្នុងតំបន់។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ពន្ធ័បញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕ ​ដោយ ៖ សត្យា