សមត្ថកិច្ចសម្រេចបញ្ជូនសំណុំរឿងប៉ូលិសស័ក្ដិ៣ លួច iPad ទៅតុលាការហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមិថុនា នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មួយរូបដែលលួច iPad គេ ទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ។

សូមបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះ ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ហើយកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។ បន្ទាប់ពីកោះហៅទៅសាកសួររួចមក ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

ទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មានថា «ករណីនេះ លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះរួចហើយ។

គួរជម្រាបថា ការចេញបញ្ជាឲ្យសមត្ថកិច្ចបញ្ជូនមន្ត្រីនគរបាលរូបនេះ ទៅតុលាការ នៅបន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ពីំមជ្ឈដ្ឋានទូទៅ ទាំងក្នុង និងក្រៅប្រព័ន្ធហ្វេសប៊ុក ដោយខ្លះបានរិះគន់លើចំណាត់របស់ក្រសួងសាមី ដោយលើកឡើងថា ហេតុអ្វីក៏បទល្មើសមួយនេះ ត្រូវសាមីក្រសួងធ្វើការវិនិច្ឆ័យទោសដោយខ្លួនឯង មិនប្រគល់សំណុំរឿងនេះទៅតុលាការ៕ ​ដោយ ៖ មុនី