កម្ពុជា សម្រេចជួលម៉ាស៊ីនភ្លើងពី អាល្លឺម៉ង់ និងហ្វាំងឡង់ សម្រាប់ផ្គត់ផ្គង់នៅភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេសនៅឆ្នាំនេះ ជាបទពិសោធន៏មួយសម្រាប់រាជរដ្ឋាភិបាល ដែលត្រូវបានគិតគូស្វែងរកប្រភពអគ្គិសនីមកជំនួស។ សម្តេចតេជោ បានថ្លែងដោយធានាថា នៅឆ្នាំក្រោយនេះ អ្នកនៅភ្នំពេញនឹងលែងខ្វះអគ្គិសនីប្រើប្រាស់ទៀតហើយ គ្រាដែលរាជរដ្ឋាភិបាលបានសម្រេចជួលម៉ាស៊ីនផលិតអគ្គិសនីដោយដើរប្រេងខ្មៅពីអាឡឺម៉ង់ និងហ្វាំងឡង់។ ការធានានេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីជាង៣ពាន់នាក់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា នេះ។

នៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីជាង ៣ពាន់នាក់ ដែលបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងជួលម៉ាស៊ីនផលិតអគ្គិសនីដើរដោយប្រេងខ្មៅពីប្រទេសអាឡឺម៉ង់ និងហ្វាំងឡង់ ដែលមានសមត្ថភាពផលិតអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ សម្រាប់យកមកផ្គត់ផ្គង់នៅកម្ពុជា ពិសេសនៅភ្នំពេញ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ នៅខែតុលា ឆ្នាំនេះ ម៉ាស៊ីនទាំងពីរគ្រឿងនឹងមកដល់កម្ពុជា ហើយអ្នកនៅភ្នំពេញនៅឆ្នាំក្រោយ នឹងលែងខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ។ សម្តេចបានចាត់ទុកកង្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ជាបទពិសោធន៏ថ្មីមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលត្រូវរកដំណោះស្រាយ នៅគ្រាដែលរាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជាវាយតម្លៃខុស ចំពោះការរីកចំរើនលឿនរហ័ស។ បន្ថែមជាមួយនឹងការជួលម៉ាស៊ីនចំនួនពីរគ្រឿងពីអាឡឺម៉ង់ និងហ្វាំងឡង់នាពេលនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការក្នុងការផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ថាមពលអគ្គិសនី ដើរដោយធ្យូងថ្ម ជាដើម ជាមួយនឹងតបណ្តាញអគ្គិសនីដែលបញ្ជូនពីប្រទេសឡាវ មកកាន់កម្ពុជា ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកាលពីសប្តាហ៍មុននេះ សម្តេចបានពិភាក្សាជាមួយលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុនដើម្បីឲ្យរដ្ឋាភិបាលជប៉ុនជួយដល់កម្ពុជា លើបញ្ហាខ្វះខាតអគ្គិសនី ដោយសុំឲ្យជប៉ុនផ្តល់នូវហិរញ្ញប្បទាន ដើម្បីបន្តការវិនិយោគលើបណ្តាញតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ចាប់ពីព្រំដែនឡាវ មកដល់រាជធានីភ្នំពេញដែលមានចម្ងាយ៣៥០គីឡូម៉ែត្រ ព្រោះកម្ពុជាបានចរចាជាមួយឡាវរួចហើយ ដោយឡាវមានអគ្គិសនីតែគ្មានទីផ្សារដើម្បីបញ្ចេញ។

គួរជម្រាបថា ដោយសារកម្ពុជារងនូវបាតុភូតអែលនីញូ បានធ្វើឲ្យកម្ពុជាបានរងនូវសម្ពាធអាកាសធាតុក្តៅហួតហែង នាំឲ្យខ្វះខាតទឹកមិនអាចផលិតជាថាមពលអគ្គីសនីបានក្នុងរយៈពេលចុងក្រោយនេះ។វារីអគ្គិសនីកម្ពុជា អាចផលិតអគ្គិសនីប្រើប្រាស់ បានប្រមាណ ១.៤០០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារខ្វះខាតទឹក វារីអគ្គិសនី អាចផលិតថាមពលអគ្គិសនីបានត្រឹមជិង ៦០០មេហ្គាវ៉ាត់ប៉ុណ្ណោះ​៕