ប្រមុខដឹកនាំនយោបាយឈ្នះឈ្នះ ប្រកាសហៅលោក សម រង្ស៉ី ថា «អាឆ្កែកូនអាក្បត់ជាតិ»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមិថុនា នេះ បានបញ្ចេញប្រតិកម្មខ្លាំងៗដែលមិនធ្លាប់មានទាល់តែសោះ ដោយប្រើពាក្យហៅលោក សម រង្ស៊ី ថា «អាឆ្កែ កូនអាក្បត់ជាតិ»។

ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី កាលពីពេលថ្មីៗនេះ បានប្រកាសចូលចាប់សម្តេចតេជោ ហ៊ុន សែន ហើយប្រឌិតនូវព័ត៌មានញុះញង់ដោយភ្ជាប់ករណីស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលជាដន្លងរបស់សម្តេច ថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកសម្លាប់ ហើយថែមទាំងអះអាងថា កូនច្បងរបស់លោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា កំពុងរកវិធីសងសឹក តាមរយៈការសហការជាមួយសម្តេចក្រឡាហោម ស ខេង ​ទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានបែបនេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា«…. អ្វីដែលសម្តេចបានប្រកាសធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី នៅទីក្រុងតូក្យូ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាចេតនារបស់សម្តេច ចង់ឱ្យពួកគេដឹង…»។

សម្តេចតេជោ បានបញ្ជាក់ថា ៖ «…ឥឡូវចេញមក វាឱ្យកូនខ្ញុំមកសងសឹកខ្ញុំទៅទៀត អាឆ្កែ១ក្បាលនេះ ប៉ុន្តែអាឆ្កែ១ក្បាលនេះ កាលពីមុនស្រួលប្រើមែនទែន ប្រើវាឱ្យជួយកែរដ្ឋធម្មនុញ្ញពី២ភាគ៣ មកត្រឹម ៥០+១ ប៉ុន្តែអាឆ្កែ១ក្បាលនេះ ក្បត់ម្ចាស់រហូត ដូចឪវាអញ្ចឹង ហ្អែងឈ្លើយម្ល៉េះ ហើយបានវិទ្យុមួយទេគ្រាន់សម្ភាស អញប្រើហ្អែង ហើយចាប់ពីថ្ងៃនេះទៅ អញហៅហ្អែងតែអាឆ្កែទេ អាឆ្កែកូនអាក្បត់ជាតិ ហ្អែងចេះជេរអញ អញក៏ចេះជេរហ្អែងដែរ..»។

គួររំឭកថា លោក សម សារី ដែលជាឪពុករបស់ លោក សម រង្ស៉ី គឺជាអ្នកនយោបាយជំនាន់សង្គមរាស្រ្តនិយម ដែលត្រូវបាន អតីតព្រះមហាក្សត្រ ហៅថា ជាជនក្បត់ជាតិ។ តាមឯកសាររបស់ « សមាគមឯកសារវិទូខ្មែរ» បានរៀបរាប់ថា លោក សម សារី ក្នុងអំឡុងឆ្នាំ១៩៥៦ បានលួចឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងចេតនាផ្តួលរំលំរបបសង្គមរាស្រ្តនិយមរបស់សម្តេច នរោត្តម សីហនុ ដែលជាប្រមុខដឹកនាំបានផ្តល់គុណូបការៈគុណជាច្រើនសម្រាប់រូបលោក។ ល្បិចកិច្ចកលរបស់លោក សម សារី ក្នុងការដណ្តើមអំណាចនេះ ធ្វើឲ្យព្រះប្រមុខរដ្ឋ សម្ត្តេច នរោត្តម សីហនុ ដឹងជាមុន ហើយបានប្រកាសដកតំណែង និងឋានន្តរស័ក្តិសព្វបែបយ៉ាង។

គួរកត់សម្គាល់ថា នេះជាលើដំបូងហើយ ដែលប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជាប្រមុខដឹកនាំនយោបាយឈ្នះៗដ៏កំពូលរបស់កម្ពុជា បានបញ្ចេញប្រតិកម្មដោយពាក្យសំដីតិះដៀលដ៏កម្រសម្រាប់អ្នកនយោបាយ។ ប្រតិកម្មគួរឲ្យភ្ញាក់ផ្អើលម្តងនេះ ធ្វើឲ្យមានការគិតថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី ទំនងជាត្រូវបញ្ចប់ជាស្ថាពរគ្មានឱកាសនឹងឈានជើងចូលប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជាបានទៀតឡើយ។ គេនៅចាំបានថា កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់ប្រកាសដាច់ណាត់ម្តងជាពីរដងរួចមកហើយថា បើសម្តេចចុះហត្ថលេខាស្នើព្រះមហាក្សត្រលើកលែងទោសឲ្យលោក សម រង្ស៊ី សម្តេចនឹងកាត់ដឺម្ខាងចោល៕ ដោយ ៖ ខេមរិន្ទ