ចាប់រថយន្តបុរសចិនបើកបុកម៉ូតូកង់បី ឆែករកឃើញថ្នាំញៀនជាង៦គីឡូក្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2019 ក+ ក-

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅថ្ងៃទី3 ខែមិថុនា ឆ្នាំ2019 ម៉ោង15៖00នាទី ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ 154 សង្កាត់ផ្សាថ្មី3 មុខរោងកុនលុច្ស មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AW 4332 បានបើកទៅបុកម៉ូតូកង់បី (តុតុ)មួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់គេច ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានធ្វើការឃាត់ខ្លួនជនបង្កជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ 30ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្ករមានការបូបយួរមួយ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើល ឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោច ច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន។ សមត្ថកិច្ចបានបន្ទសហការណ៍ជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត នឹងជាលទ្ធផលបង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ក្រោយមកសមត្ថកិច្ចបានសួរចម្លើយនិងបន្ត ធ្វើការឆែកឆេរដល់លំនៅឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះដោយ មិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្សពួក សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ី ចំនួន ១១.៦៨០គ្រាប់ ទម្ងន់ ៦,៥៤១គ.ក្រ។
សមត្ថកិច្ចកំពុងជំរុញនូវវិធានការជំនាញសួរចម្លើយដើម្បីបន្តយកបក្សពួក និងវត្ថុតាងបន្ថែមទៀត៕ ដោយ ៖ សុផល