អនុក្រឹត្យថ្មី ស្តីពីការចុះបញ្ជី និងបំពាក់ស្លាកលេខសម្គាល់យានយន្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2019 ក+ ក-

ភ្នំពេញ ៖ យោងតាមអនុក្រឹត្យស្ដីពី ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ចុះហត្ថលេខាដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ម្ចាស់កម្មសិទ្ធិយានជំនិះ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីយានជំនិះ ដែលកំពុងប្រើប្រាស់ សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបាន ស្របតាមបែបបទ និងនីតិវិធីនៃការចុះបញ្ជីយានជំនិះ ការផ្តល់ផ្លាកលេខសម្គាល់ យានជំនិះ និងការលុបចេញពីបញ្ជីយានជំនិះ និងត្រូវបង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្លា្កកលេខសម្គាល់យានជំនិះមាន ៩ប្រភេទដូចខាងក្រោម៖

-ប្រភេទទី១៖ ផ្លាកលេខ មានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ទឹកមាស សម្រាប់យានជំនិះរបស់ព្រះបរមរាជវាំង។
-ប្រភេទទី២៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងចាស់ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះរបស់ស្ថាប័នកំពូល។
-ប្រភេទទី៣៖ ផ្លាកលេខមានផ្ទៃពណ៌បៃតងខ្ចី អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះ ជាសម្បត្តិរដ្ឋ។

-ប្រភេទទី៤៖ ផ្លាកលេខមានផ្ទៃពណ៌ខៀវខាងលើ និងពណ៌ក្រហមខាងក្រោមចែកពាក់កណ្តាលស្មើ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះរបស់កងយោធពលខេមរភូមិន្ទ។

-ប្រភេទទី៥៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ក្រហម សម្រាប់យានជំនិះរបស់កងកម្លាំងនគរបាលជាតិ។

-ប្រភេទទី៦៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌បៃតងចាស់ សម្រាប់យានជំនិះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

-ប្រភេទទី៧៖ ផ្លាកលេខមានផ្ទៃពណ៌លឿង អក្សរ និងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះរបស់ស្ថានទូត និងផ្លាកលេខមានផ្ទៃពណ៌ខៀវផ្ទៃមេឃ អក្សរ និងលេខពណ៌ស សម្រាប់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល។
-ប្រភេទទី៨៖ ផ្លាកលេខមានផ្ទៃពណ៌ស អក្សរ និងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះ ជារបស់ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនះ។

-ប្រភេទទី៩៖ ផ្លាកលេខមានផ្ទៃពណ៌លឿងទុំ អក្សរ និងលេខពណ៌ស សម្រាប់យានជំនិះ នាំចូលបណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន៕