លោក ស៊ី ជីនពីង ចាប់ផ្តើមទស្សនកិច្ចនៅទីក្រុងមូស្គូ រយៈពេល៣ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2019 ក+ ក-

ប៉េកាំង ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃពុធ ទី៥ ខែមិថុនា នេះ បានចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ទៅកាន់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៧ ខែមិថុនា តាមការអញ្ជើញរបស់ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី។

បើតាមសារព័ត៌មាន CGTN បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជីនពីង នឹងចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅ St. Petersburg (SPIEF) លើកទី២៣ ហើយក្នុងអំឡុងពេលស្នាក់នៅនេះ លោកនឹងថ្លែងសុន្ទរកថា និងពន្យល់ពីជំហររបស់ចិន ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

តាមរយៈដំណើរទស្សនកិច្ចខាងលើនេះដែរ ទីក្រុងប៉េកាំង និងម៉ូស្គូ នឹងចុះហត្ថលេខាឯកសារកិច្ចសហប្រតិបត្តិការចំនួន៣០ និងរួមគ្នាចូលរួមសកម្មភាពជាបន្តបន្ទាប់រំឮកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ដោយឡែកក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងមួយសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចអឺរ៉ាស៊ីក្នុងរយៈពេលដ៏ខ្លីខាងមុខ បន្ទាប់ពីបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នារួចហើយ។ ក្រសួងនេះបាននិយាយថា គម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិរវាងប្រទេសចិន និងរុស្ស៊ីនឹងត្រូវចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័ននៅក្នុងឆ្នាំនេះ ខណៈពេលដែលពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុត១០០ពាន់លានដុល្លារកាលពីឆ្នាំមុន និងរំពឹងថា ចិន និងរុស្ស៊ី នឹងខិតខំឈានដល់ទំហំពាណិជ្ជកម្មទ្វេភាគី ២០០ពាន់លានដុល្លារ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីដោយមានសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក។ បន្ថែមលើនេះ ទំនាក់ទំនងចិន និងរុស្ស៊ី ដើរតួជាគំរូសម្រាប់សហគមន៍អន្ដរជាតិ៕