រដ្ឋាភិបាលស្វីស បន្តផ្តល់៦លានដុល្លារលើគម្រោងបោសសម្អាតមីននៅកម្ពុជា ដល់ឆ្នាំ២០២៥
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2019 ក+ ក-

ភ្នំពេញ ៖ លោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ប្រទេសស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋ អាមេរិកគាំទ្រដល់ការបោសសម្អាតមីននៅព្រះរាជា ណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។

ការថ្លែងរបស់ស្រីបែបនេះក្នុងឱកាសដែលស្រី និងសហការី អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅព្រះរាជាណាចក្រកម្ពុជាជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញ។

ក្នុងជំនួបនេះដែរ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរ មីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស បានចូលរួមចំណែកផ្តល់ជំនួយថវិកាគាំទ្រដល់ការបោស សម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីន ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕