ACU មិនទាន់ប្រកាសលទ្ធផលស៊ើបអង្កេតរឿងប៉ូលិសផ្កាយ១ នៅខេត្តកណ្តាល សម្ញែងទ្រព្យសម្បត្តិនៅឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2019 ក+ ក-

ភ្នំពេញ ៖ កន្លងមកACUធ្លាប់បានប្រកាសថា “ករណីលោកស្នងការរងឧត្ដមសេនីយ៍ ស្រេង សុខា ក្រុមការងារស៊ើបអង្កេត អាចនឹងធ្វើការសន្និដ្ឋាននៅដំណាច់ខែមេសា ឆ្នាំ២០១៩ នេះ”។ ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់ឃើញ ACU ប្រកាសលទ្ធផលករណីលោកផ្កាយ១ ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ដែលសម្ញែងទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់នោះ នៅឡើយទេ ។

រយៈពេលចុងក្រោយនេះ ឃើញថា មានមន្ត្រីជាច្រើនរូបមកហើយ ដែលបាន សម្ញែងទ្រព្យសម្បត្តិជាសាធារណៈ ដែលគេសង្ស័យថា អាចកើតចេញពីការ ប្រព្រឹត្តអំពើពុករលួយ មានជាអាទិ៍ លោក ឧត្ដមសេនីយ៍ត្រី គឹម រស្មី អតីត មេ បញ្ជាការកងរាជអាវុធហត្ថ ខេត្ត រតនគិរី អភិបាលរងខេត្តព្រះសីហនុ ២រូប ដែលពាក់ព័ន្ធបញ្ហាដីធ្លីក្នុងខេត្ត ដែលត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេចអនុឲវត្តន៍អភិក្រមទី៥។

សូមរំលឹកថា កន្លងមក មានការបង្ហោះរូបភាជាច្រើនបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល សម្ញែងពីទ្រព្យសម្បត្តិក្នុងពិធីភ្ជាប់ពាក្យ ជាមួយនារីស្រស់ស្អាតម្នាក់ ដោយបង្គាប់ថ្លៃទឹកដោះរហូតដល់ ១០ម៉ឺនដុល្លារអាមេរិក និងឡានទំនើបឡិចស៊ីស៥៧០ ចំនួន១គ្រឿង ព្រមគ្រឿងអលង្ការ យ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញសង្គមហ្វេសប៊ុក រហូតត្រូវបានស៊ើបអង្កេតដោយអង្គភាព ACU នាពេលនេះ៕