មជ្ឈមណ្ឌលសូត្រខ្មែរផលិតពងដង្កូវនាងដំបូងបង្អស់ បើកដំណើរការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2019 ក+ ក-

ភ្នំពេញ ៖ មជ្ឈមណ្ឌលសូត្រខ្មែរ ដំបូងបង្អស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃពុធទី៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ក្រោមវត្តមាន លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។

មជ្ឈមណ្ឌលសូត្រខ្មែរដំបូងបង្អស់នេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណង របស់ ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលគិតជាទឹកប្រាក់ចំនួន ៩០.៨៤៣ ដុល្លារអាមេរិក ហើយ ក៏មានការជួយឧបត្ថម្ភជាសម្ភារៈបរិក្ខា និងសម្ភារៈស្រាវជ្រាវ មួយចំនួនពី អង្គការ យូអិនឌីភី ដែលគិតជាថវិកាចំនួន ១៦.៣០០ ដុល្លារផងដែរ។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការផ្តល់ជូននូវជំនួយអភិវឌ្ឍន៍ផ្លូវការ ដល់សកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ ដើម្បីផលិតពងដង្កូវនាង ដែលគ្មានជំងឺ សម្រាប់ផ្គត់ផ្គង់ទៅដល់កសិករ ព្រមទាំងផ្ទេរបច្ចេកទេសទៅដល់កសិករ ដើម្បីពួកគាត់អាចចិញ្ចឹមដង្កូវនាង ប្រកបដោយ ស្ថេរភាពនឹងអាចបង្កើតប្រាក់ចំណួលទាំងកសិករនិងភាគីពាក់ព័ន្ធនៃឧស្សាហកម្មសូត្រ ជាពិសេសជួយអភិរក្សវិស័យសូត្រខ្មែរផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជាធ្លាប់មានប្រវត្តិជាប់ទាក់ទងទៅនឹងវិស័យកោសេយ្យវប្បកម្ម តាំងពីយូរយារណាស់មកហើយ។ ការដាំមន ការចិញ្ចឹមដង្កូវនាង និងការត្បាញសូត្រ គឺជាផ្នែកមួយ នៃទំនៀមទំលាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ តែជាអកុសលប្រទេសកម្ពុជា បានជួបសង្រ្គាមជាញឹកញាប់ធ្វើឲ្យការផលិតសរសៃសូត្រនិងសកម្មភាពត្បាញ ត្រូវបានបាត់បង់ស្ទើរគ្មានសល់។ បច្ចុប្បន្នការផលិតសូត្រក្នុងស្រុកក៏កំពុងប្រឈមនឹងបញ្ហា ខ្វះខាតពូជដង្កូវនាងល្អ ដង្កូវនាងមានជំងឺ ខ្វះខាតបចេ្ចកទេស និងការស្រាវជ្រាវជាដើម។

លោក រដ្ឋមន្រ្តី បញ្ជាក់ថា វិស័យសូត្រពិតជាមានសារៈសំខាន់ណាស់ និងផ្តល់ប្រយោជន៍ជាច្រើនចំពោះប្រជាកសិករដូចជា៖ ផ្តល់ការងារ និងប្រាក់ចំណូលបន្ថែមដល់កសិករ ផ្តល់លទ្ធភាពឲ្យចាស់ជរា ស្ត្រី និងជនពិការ អាចចូលរួមបាន កាត់បន្ថយការធ្វើចំណាកស្រុក មិនប៉ះពាល់ដល់បរិស្ថាន អភិរក្ស និងលើកស្ទួយប្រពៃណីទំនៀមទំលាប់ខ្មែរ៕