លេងទូរស័ព្ទបណ្តើរ សាកថ្មបណ្តើរបណ្ដាលឲ្យឆក់យុវតីម្នាក់ស្លាប់ភ្លាមៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2019 ក+ ក-

ខេត្តព្រៃវែង ៖ យុវតីម្នាក់បានឆក់ស្លាប់ភ្លាមៗ បន្ទាប់ពីនាងបានលេងទូរស័ព្ទបណ្តើរ បញ្ចូលថ្មបណ្តើរ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ប្រភពពីក្រុមគ្រួសារថា រងគ្រោះ មានឈ្មោះធី ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ និងរៀបរាប់ថា មុនពេលកើតហេតុ យុវតីរងគ្រោះបានគេងនៅលើគ្រែក្រោមផ្ទះ ដោយបានចុចទូស័ព្ទលេងផងដែរ ពេលនោះស្រាប់តែលឺសម្លេងផ្ទុះ ធ្វើឲ្យយុវតីរងគ្រោះប្រកាច់ស្លាប់ភ្លាមៗ ដោយមានហូរឈាមតាមមាត់ គួរឲ្យរន្ធត់ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ។

ក្រោយមក សមត្ថកិច្ចបានចុះមកដល់ផ្ទះកើតហេតុ ហើយបានពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព ហើយបានបញ្ជាក់ថា យុវតីរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទដោតនិងព្រីភ្លើង ហើយលេងទូរស័ព្ទ សាកថ្មបណ្តើរនិងលេងបណ្តើរ បណ្តាលឱ្យឆ្លងចរន្តភ្លើង ហើយក៏ឆក់ស្លាប់នៅលើផ្ទះរបស់ខ្លួនឯងតែម្តង។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពយុវតីឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុផល