ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងនាយរដ្ឋមន្ត្រីសិង្ហបូរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះ នាយករដ្ឋមន្ត្រី សឹង្ហបុរី ដែលបានបង្ហោះនូវសាររំលែកទុក្ខ តាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានរំលឹកណីការគាំទ្ររបបប្រល័យពូជសាសន៍ខ្មែរក្រហម។

នៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ បានសរសេរថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្តាយយ៉ាងខ្លាំង ដែលលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី 31 ខែ ឧសភាកន្លងទៅ នូវសាររំលែកទុក្ខ ចំពោះមរណភាព លោកឧត្តមសេនិយ៍ ព្រេម ទិនស៊ូឡាណន្ត អតីតនាយករដ្ឋមន្ត្រីថៃ ដោយលើកឡើងថា ៖” ពេលដែលគាត់ (ឧត្តមសេនិយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង 5 ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និង ប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម…”។

ការលើកឡើងក្នុងសារនេះ បានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និង បានធ្វើជាច្រកផ្គត់ផ្គង់សំភារះយោធា ដល់កំលាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ១០ ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញ របស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះពិតជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ៕