គណៈរដ្ឋមន្ត្រី រៀបចំបញ្ជូនសេចក្តីព្រាងស្តីពីការសិក្សាពេញមួយជីវិត ជូនសភាអនុម័ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2019 ក+ ក-

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា នេះ បានបើកកិច្ចប្រជុំពេញអង្គ ដោយលើកយករបៀបវារៈសំខាន់ចំនួន៣ មកពិភាក្សា និងអនុម័ត ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ កិច្ចប្រជុំនេះ បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត។ គោលនយោបាយនេះ បានចងក្រងឡើងស្របតាមតម្រូវការសង្គម និងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទទីផ្សាការងារ។

យោងតាមសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ដែល ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីធ្វើការអនុម័តនៅព្រឹកថ្ងៃសុក្រនេះ គឺមានគោលដៅ ក្នុងការផ្ដល់ឱកាស និងគាំទ្រអោយប្រជាជនគ្រប់រូបទទួលបានការសិក្សាគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឺងតាមជំនាញដែលទទួលបាន ដើម្បីបង្កើតប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូល ស្របតាមយុគ្គសម័យ បច្ចេកវិទ្យាគមនាគមន៏និងព័ត៌មាន និងសង្គមពុទ្ធិ”។

គោលនយោបាយនេះ ក៏នឹងជួយដល់កិច្ចដំណើរការអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបអោយមានវិជ្ជាសម្បទា បំណិនសម្បទា កាយសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើតសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមនីយកម្មជីវិតបុគ្គលគ្រួសារ និងសង្គម តាមរយៈការផ្ដល់ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ”។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯ.ឧ ផៃ ស៊ីផាន បញ្ជាក់នៅលើផេកហ្វេសប៊ុកផ្លូវការ។

ជាការកត់សំគាល់ ប្រព័ន្ធអប់រំកម្ពុជាមានការរីកចម្រើនខាងបរិមណគូរជាទីមោទនៈជាពិសេស នៅកម្រិតបឋមសិក្សា។ ទោះបីជាយ៉ាងនេះក្តី បញ្ហាសិស្សបោះបង់ការសិក្សា និងគុណភាពសិក្សានៅតែជាក្តីកង្វល់នៅឡើយ។ ជាក់ស្តែង អត្រាពិតនៃការសិក្សានៅបឋមសិក្សាមានប្រមាណ៩៧% នៅទសវត្សរ៍ចុងក្រោយនេះ។

ប៉ុន្តែសិស្សដែលអាចបញ្ចប់ការសិក្សានៅបឋមសិក្សាមានប្រមាណ៨០% បញ្ចប់មធ្យមសិក្សាបឋមភូមិមានប្រមាណ៤០% និងមធ្យមសិក្សាទុតិយភូមិមានប្រមាណ២០% ។ បើផ្អែកលើការវាយតម្លៃថ្នាក់ជាតិ លើមុខវិជ្ជាភាសាខែ្មរ និងគណិតវិទ្យា បានបង្ហាញផងដែរថា សិស្សស្ទើរតែពាក់កណ្តាលដែលបានចូលរួមក្នុងការវាយតម្លៃនៅថ្នាក់ទី៣ ទី៦ ទី៨ មិនទទួលបានចំណេះដឹងដូចការរំពឹងទុកនោះទេ ។

ដោយសារមានការខិតខំពីគ្រប់ភាគីតាមរយៈកម្មវិធីអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ អត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងមាន៨០,៥% ស្រ្តីមាន៧៥,០% ក្នុងនោះអត្រាអក្ខរកម្មនៅតាមជនបទ មានត្រឹមតែ៧៦,៨% ស្រី៧០,៧% ប៉ុណ្ណោះ។ នេះបើតាមការអង្កេតស្តីពីសេដ្ឋកិច្ចសង្គមកម្ពុជា វិទ្យាស្ថានជាតិស្ថិត ក្រសួងផែនការ ២០១៦ ។

គួរបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ជាផែនការបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ឆ្ពោះទៅកាន់សុខសន្ដិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ ទាមទារឲ្យក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មានកិច្ចសហការ និងគាំទ្រដោយយកចិត្ដទុកដាក់ខ្ពស់។ គោលនយោបាយតម្រូវឲ្យមានយន្ដការ និងបទដ្ឋានគតិយុត្ដ ដើម្បីបង្កើតក្រុមឬអង្គភាពគាំទ្រ ក្នុងការសម្របសម្រួលការងារ ការធ្វើផែនការយុទ្ធសាស្ត្រជាតិ ការផ្សព្វផ្សាយឲ្យបានទូលំទួលាយ និងការកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ ការអនុវត្ដគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតឲ្យមានប្រសិទ្ធភាពខ្ពស់៕