អាជ្ញាធររាជធានីគ្រោងហូបនំបញ្ចុកជាមួយអ្នកធាក់ស៊ីក្លូនិងកម្មការិនីជាង៣ពាន់នាក់?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2019 ក+ ក-

ភ្នំពេញ ៖ តាមការគ្រោងទុក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងចូលរួម សំណេះ សំណាល និង ហូបនំបញ្ចុក ជាមួយបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូ និង កម្មករ កម្មការិនី ជាង៣០០០នាក់នៅភ្នំពេញសម្រាប់មួយថ្ងៃទី៩មិថុនាខានស្អែកនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បើមិនមានការប្រែប្រួលទេ លោក ឃួង ស្រេង សម្រាប់ពេលព្រឹកថ្ងៃទី៩មិថុនានេះ នឹងអញ្ជើញ ចូលរួមសំណេះសំណាល និង ហូបនំបញ្ចុកជាមួយ មន្ត្រីរាជការរដ្ឋបាលរាជធានី និងបងប្អូនសមាគមន៍អ្នកធាក់ស៊ីក្លូ នៅសាលារាជធានីភ្នំពេញ ហើយបន្តមកទៀត នៅព្រឹកថ្ងៃដដែល នឹងបន្តទៅជួបសំណេះសំណាល និងហូបនំបញ្ចុកជាមួយកម្មករ កម្មការិនី ជាង៣០០០នាក់នៅក្នុងបរិវេណវត្តជម្ពូរវ័ន្ត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា ក្នុងឱកាសថ្លែងសុន្ទរក ទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវដល់សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះ គឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុន ដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់ បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេល អោយបានសប្បាយ នៅថ្ងៃទី ៩ មិថុនា នេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នា នៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះ ទៅរកការចរចារ នយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាន នំបញ្ចុករួមគ្នា ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា៕