អាជ្ញាធរកំពុងស្រាវជ្រាវករណីនាំជ្រូកពីវៀតណាម ចូលខេត្តកំពង់ចាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់មន្រ្តី ជំនាញឲ្យយកចិត្តទុកដាក់ និងទប់ស្កាត់ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក តាមរយៈការនាំចូលជ្រូករស់ ពី ប្រទេសវៀតណាម ខណៈដែលនៅកម្ពុជា មិនទាន់មានថ្នាំព្យាបាលជំងឺសត្វប្រភេទនេះនៅឡើយទេ។

ទោះជាមានការរឹតបន្តឹង បែបនេះក្តី ក៏នៅតែមានករណីលួចនាំចូលជ្រូកមកពីប្រទេសវៀតណាម ដដែល ជាក់ស្តែង កម្លាំងសមត្ថកិច្ចសហការជាមួយនឹងស្ថាប័នជំនាញ បង្រ្កាបរថយន្តម៉ាក ហ៊ីយ៉ាន ដាយ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-2345 ដឹកជ្រូកចំនួន ២៥ក្បាល ត្រង់ចំនុចភូមិព្រៃផ្តៅ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែមិថុនា ២០១៩ ដែលទំនងជាត្រូវផាក ពិន័យចាស់ដៃ រួមនិងចាត់ការលើម្ចាស់នៃបទល្មើសនេះផងដែរ។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថាៈ ក្រោយពីមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសវៀតណាម ត្រូវបានរដ្ឋមន្រ្តីក្រសួងកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាលោកប្រធានមន្ទីរកសិកម្មខេត្ត បានដាក់ចេញនូវវិធានការទប់ ស្កាត់មិនឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា ឆ្លងកាត់ស្ពានគីហ្ស៊ូណា ឬតាម កំពង់ដរនានា ដែលក្រុមឈ្មួញលួចដឹកតាមកាណូត។

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានបន្តថា ចាប់តាំងពី ពេលដែលបើកយុទ្ធនាការក្តៅមក កម្លាំងរបស់លោក បានសហការជាមួយនឹងសមត្ថកិច្ច ដោយបាន ចាប់ បានជ្រូកលួចដឹកតាមរថយន្ត និងតាមម៉ូតូជាបន្តបន្ទាប់ដែលក្រុមឈ្មួញប្រើប្រាស់គ្រប់រូបភាព ដោយដឹកឆ្លង ស្ពានគីហ្ស៊ុណា ចេញពីខេត្តត្បូងឃ្មុំនិងឆ្លងតាមកាណូតបានចំនួន០៦លើក។ ហើយបានបូមឈាមយកទៅពិនិត្យនៅមន្ទីរពិសោធន៏រាជធានីភ្នំពេញ តែមិនឃើញមានមេរោគប៉េស្ត ជ្រូកអាហ្វ្រិកនោះឡើយ។

សម្រាប់ករណីទី៧ ត្រូវបានបង្រ្កាបនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម រថយន្ត ១គ្រឿងដឹកជ្រូក ២៥ ក្បាលដែលក្រុមឈ្មួញបានដឹកចេញពីវៀតណាមតាមច្រកត្នោត ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងមកចែកចាយតាមទីសត្តឃាតនានា ដោយបានបើកកាត់ផ្លូវជាតិលេខ ៧ឆ្លងស្ពាន គីហ្ស៊ុណា ចូលមក្រុងកំពង់ចាមនិងបានបើកដល់ត្រង់ចំនុចឃុំក្រឡា ស្រុកកំពង់សៀម ត្រូវបានបង្រ្កាប ។ តាមច្បាប់ត្រូវផាកពិន័យពី ១០ ទៅ ១៥លានរៀល ហើយបើមិនរាងចាលគុណទ្វេដង ។

  • លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ វិញប្រាប់ឲ្យដឹងថាក្រោយពីមានការណែនាំពីលោកអភិបាលខេត្ត ក៏ដូចជាលោករដ្ឋមន្រ្តីក្រសួងកសិកម្ម រូបលោកបានឲ្យជំនាញការិយាល័យបសុព្យាបាលខេត្ត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ជ្រូកនាំចូលពីវៀតណាម ។ចំពោះរថយន្ត ដឹកជ្រូក២៥ក្បាលចាប់បាននៅខេត្តកំពង់ចាម រូបលោកមិនបានដឹងថាតើជ្រូកនោះបាននាំចូលមក ខេត្ត កំពង់ចាម ដោយរបៀបណា ជាមួយនោះរូប លោកឲ្យជួយស្រាវជ្រាវ តើមានបុគ្គលណាម្នាក់ខ្លះ ដែលនៅពីក្រោយខ្នង ដោយមានការឃុបឃិតបណ្តោយឲ្យមានករណីនាំជ្រូកហូរចេញពីវៀតណាម ចូលមកដល់ខេត្តកំពង់ចាម បានដោយងាយបែបនេះ៕