ប្រមុខការទូតកម្ពុជា សិង្ហបុរី ជួបសន្ទនាតាមទូរស័ព្ទរឿងសំដីលោក លី សៀនឡុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2019 ក+ ក-

ភ្នំពេញ ៖ ប្រមុខការទូតសិង្ហបុរី លោក Vivian Balarishnan នៅរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ម្សិលមិញនេះ បានទាក់ទងតាមរយៈទូរស័ព្ទហៅត្រង់មកកាន់សមភាគីកម្ពុជា លោក ប្រាក់ សខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយបកស្រាយថា សឹង្ហបូរី គ្មានចេតនាការពាររបបខ្មែរក្រហមនោះទេ ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។

សេចក្តីជូនដំណឹងដដែលនេះ បានឲ្យដឹងថា តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនោះ រដ្ឋមន្ដ្រីក្រសួងការបរទេសសិង្ហបុរី បានបំភ្លឺប្រាប់ភាគីកម្ពុជាថា« សារហ្វេសប៊ុករបស់លោក លី សៀនឡុង គ្រាន់តែជាការរំឭកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ដោយគ្មានបង្កប់នូវចេតនាអាក្រក់ណាមួយឡើយ និងពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម ហើយមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញឡើយ។ សារនោះ គឺមានបំណងគ្រាន់តែរំលឹកពីស្ថានភាព និងការប្រឈមក្នុងសម័យកាលនោះ ហើយក៏ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈក្នុងពេលកន្លងមកដែរ។

គួរជម្រាបថា ការគូសបញ្ជាក់របស់លោក Vivian ប្រមុខការទូតសឹង្ហបូរី យ៉ាងដូច្នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចប់ការថ្នាំងថ្នាក់ចំពោះសំណេរតាមហ្វេសប៊ុករបស់លោក នាយករដ្ឋមន្ដ្រីសិង្ហបុរី លី សៀនឡុង ដែលលើកឡើងអំពីវត្តមានកងទ័ពវៀតណាមនៅកម្ពុជាថាជាការឈ្លានពានក្រោយរបបខ្មែរក្រហម៕