អគ្គនាយកស៊ីម៉ាក់ អំពាវនាវឲ្យបញ្ឈប់ការបរិភោគសាច់ សុនខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2019 ក+ ក-

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមពិហិការកុំទទួលទានសាច់សត្វសុនខ ព្រោះនេះ មិនមែនជាវប្បធម៌របស់ កម្ពុជានោះ ទេ។ ឯ.ឧ អគ្គនាយកស៊ីម៉ាក់ ក៏ចង់បង្កើតឲ្យមានមជ្ឈមណ្ឌលសុនខជាតិមួយ ដើម្បីបំរើការងារក្នុង វិស័យ សន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា និងអង្គការ Four Paws បានស្នើសុំ ឲ្យប្រជាពលរដ្ឋខ្មែរ រួមគ្នាពហិការកុំទទួលទានសាច់សត្វសុនខ និងស្នើបញ្ឈប់ការធ្វើអាជីវកម្មសាច់សុនខ ព្រោះសត្វ សុនខ ប្រៀបបានទៅនឹងសមាជិកគ្រួសារមួយរូបដែរ ដែលគួរផ្តល់ក្តីស្រលាញ់ ការអាណិតចំពោះ សត្វមួយប្រភេទនេះ។ ការស្នើនេះ ធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាស្តីពី វីរៈភាពរបស់សត្វ សុនខ ដែលជាការរៀបចំដោយអង្គការ Four Paws និងស៊ីម៉ាក់។

បើតាម លោក ហេង រតនា និន្នាការ ទទួលទានសាច់សត្វសុនខ បានកើនឡើងខ្លាំង និងការដាក់លក់ យ៉ាងចំហរ ដែលផ្ទុយពីវប្បធម៌របស់កម្ពុជា។ តម្រូវការចេះតែកើន ឡើង ប៉ុន្តែកម្ពុជាមិនមាន កន្លែង ចិញ្ចឹមសុនខ យកសាច់នោះឡើយ ជាហេតុធ្វើឲ្យមានការលួច ទាក់សុនខ របស់ប្រជាពលរដ្ឋ នៅ តាមផ្ទះស្ទើររាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ។ យ៉ាងហោចណាស់ប្រជាពលរដ្ឋកម្ពុជា បរិភោគសត្វ សុនខ ប្រមាណមួយម៉ឺនក្បាលត្រូវបានសម្លាប់ យកធ្វើអាជីវកម្មក្នុងមួយឆ្នាំ។

នាយកអង្គការ Four Paws លោកស្រី Katherine Polak ចង់ឲ្យរាជរដ្ឋាភិបាល ចេញច្បាប់ការ ពារសិទ្ធិរបស់សត្វសុនខ និងស្នើឲ្យបង្កើតច្បាប់ហាមបរិភោគ សត្វសុនខ។ ទាល់តែមានវិធានការ បែបនេះ ទើបអាចទប់ស្កាត់ការសម្លាប់ សត្វសុនខយកមកធ្វើអាជីវកម្មលក់ ទិញ និងទទួលទាន។ លោកស្រីថា ការទទួលសត្វសុនខ គឺជារឿងមួយសោកសង្រេង ដោយសារសត្វសុនខ ជាសត្វ គួរ ឲ្យស្រលាញ់ ជាសត្វចិញ្ចឹមប្រកបដោយភក្តីភាពជាមួយម្ចាស់។ សត្វទាំងនេះ គួរត្រូវបានថែរក្សា ផ្តល់សេចក្តីស្រលាញ់ និងផ្តល់សិទ្ធិដល់ពួកគេផង។

បើតាមលោក ស៊ុន ពិសិដ្ឋ ជាអនុប្រធានមណ្ឌលសុនខហិតមីនស៊ីម៉ាក់ បាន បញ្ជាក់ថា ប្រតិបត្តិការ របស់ស៊ីម៉ាក់ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់សុនខ ហិតមីននោះទេ។ជាមោទនភាពថ្មីស៊ីម៉ាក់ អាចបង្កាត់ពូជ និងបង្វឹកសត្វ សុនខ ដើម្បីក្លាយជាសុនខហិតមីន ដោយមិនបាច់ទិញ ពីក្រៅ ប្រទេស។ បច្ចុប្បន្នសុនខរបស់ស៊ីម៉ាក់មានចំនួនជាង១០០ក្បាល ក្នុងនោះមាន២៦ក្បាល ជា សុនខ មានសមត្ថភាពពេញលេញ ក្នុងប្រតិបត្តិការ ដោយឡែកមួយចំនួន ផ្សេងទៀត កំពុងធ្វើការ ហ្វឹក ហាត់នៅមណ្ឌលសុនខ ខេត្តកំពង់ឆ្នាំង។

ជាមហិច្ចតារបស់ស៊ីម៉ាក់ គឺស៊ីម៉ាក់ចង់ប្រែក្លាយមណ្ឌលសុនខ ហិតមីន ឲ្យក្លាយជាមជ្ឈមណ្ឌល សុនខជាតិដ៏ធំមួយ ដើម្បីជួយហ្វឹកហាត់សុនខ សម្រាប់បំរើក្នុងវិស័យសន្តិសុខជាតិ និងសណ្តាប់ ធ្នាប់នៅតាមព្រំដែន ពិសេសនៅពេលមានថ្នាក់ដឹកនាំកំពូលអន្តរជាតិ មកកម្ពុជាម្តងៗផងដែរ៕