ស្ត្រីម្នាក់ដែលកូនប្រកាសស្វែងរក បានស្លាប់ដោយអំពើឃាតកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2019 ក+ ក-

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះ ពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្សរស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំមុខរបរអ៊ុតសក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅព្រឹកវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩រហូតមកដល់ម៉ោងកើតហេតុខាងលើ នៅថ្ងៃខែឆ្នាំដដែល មិនមានដំណឹងសោះ ដោយមិនដឹងមូលហេតុ។

បន្ទាប់ពីបានឃើញព័ត៌មានភ្ញាក់ផ្អើលខាងលើ តាមបណ្តាញហ្វេសប៊ុក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿងបានហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ ។ ករណីខាងលើនេះ គឺជាករណីឃាតកម្មដែលឃាតករ គឺជាមិត្តភក្តិរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតាំងពីយប់មិញ។ តាមរបាយការណ៍បានឲ្យដឹងថា ឃាតករបានសម្លាប់ជនរងគ្រោះ យ៉ាងសាហាវឃោរឃៅបំផុត ដោយយកកាំបិតកាត់សាកសព ជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់)ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។

ករណីកូនស្រីប្រកាសស្វែងរកម្តាយដែលបាត់ខ្លួនប៉ុន្មានថ្ងៃមុន គឺជាករណីឃាតកម្មមិត្តភ័ក្តិសម្លាប់មិត្តភ័ក្តិត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងបើយោងតាមមន្រ្តីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្លែងប្រាប់មុននេះបន្តិច នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះ ករណីស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្រ្ត សម្លាប់មិត្តភក្រ្តនេះស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កាលពីសប្តាហ៍មុនកូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភ័ក្តិ(ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះអាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់ នៅទួលសង្កែ១យប់។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាង យកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។

តាមសម្តីកូនតូចនោះ បានប្រាប់ថា ពេលដែលដាក់រូបគេចុះពីម៉ូតូហើយ អ៊ំស្រី(ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។ ក្រោយពីកើតហេតុកូនស្រីរបស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាងដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ៕