អ្នកកាសែតជាង៤០ប្រទេសចូលរួមសន្និសីទកំពូល«សារព័ត៌មានអាស៊ី»លើកទី១៦ នៅក្រុងសៀមរាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2019 ក+ ក-

ខេត្តសៀមរាប ៖ សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ បានចាប់ផ្តើមប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ នេះ នាសណ្ឋាគារសុខា ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប។

អង្គសន្និសីទសារព័ត៌មានអាស៊ី លើកទី១៦ នេះ នឹងពិភាក្សារបៀបវារៈចំនួន៥ ដែលនឹងមានថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណ ៥០០នាក់ចូលរួម ក្នុងនោះអ្នកសារព័ត៌មានអន្តរជាតិប្រមាណជាង ២៥០នាក់ ដែលមកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោកមានដូចជា៖ ថៃ ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សាម័រ ជាដើម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍និងអ្នកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកតាក់តែងគោលនយោបាយនៅជុំវិញពិភពលោកដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យា ទំនើប ។

សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» និងជជែកពិភាក្សាលើប្រធានបទមួយចំនួន ដូចជា​ ៖ ការប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងបន្លំ, របៀបដឹកនាំក្នុងយុគសម័យសារព័ត៌មាន នៃ បដិវត្តន៍ឧស្សាហកម្មជំនាន់ ទី៤, ការបង្កើតកម្មវិធីដ៏ មាន ប្រសិទ្ធភាព ក្នុង យុគសម័យ ឌីជីថល, និន្នាការ នៃ បច្ចេកវិទ្យា4K និងឥទ្ធិពលនៃភាពពិត កើន និងការនិម្មិតនៅក្នុងវិស័យសារព័ត៌មាន។

សន្និសីទនេះ នឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមផងដែរ៕