សម្តេច ស ខេង បញ្ជាឲ្យបង្ក្រាបការលាងលុយ ខណៈកម្ពុជាត្រូវចាត់ទុកជាប្រទេសពណ៌ប្រផេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2019 ក+ ក-

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ ខណៈដែលកម្ពុជាត្រូវបានអង្គការហិរញ្ញវត្ថុ (FATF) ចាត់ទុកថា ជាប្រទេសស្ថិតក្នុងបញ្ជីពណ៌ប្រផេះ។

សម្ដេច ស ខេង បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាប ជាបន្ដបន្ទាប់ នូវការនាំលុយចូលដ៏ច្រើនលើសលុបនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តិផងដែរ។

សម្ដេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងលាងលុយ ឥលូវនេះកម្ពុជា ត្រូវចាត់ទុកថា ជាប្រទេសពណ៌ប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀត វាទៅខ្មៅ នោះបើសិនណាជារឿងមិនយកចិត្តទុកដាក់។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានតែមនុស្សមួយក្រុមនោះទេ ប៉ុន្ដែបើងាប់ងាប់ប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក»។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលារាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រសិនបើស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាម ទៅសម្ដេចផ្ទាល់តែម្តង ហើយមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែង។

យ៉ាងណាក៏ដោយ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា រាល់អ្នកដែលប្រព្រឹត្តបទល្មើសនេះ ពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។

យ៉ាងណាសម្តេច ស ខេង បានប្រកាសថា នៅឆ្នាំ២០១៩នេះ ត្រូវតែបញ្ចប់ការចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅតាមខារ៉ាអូខេ និងក្លឹបកំសាន្ត ពីព្រោះជាការទទួលខុសត្រូវធំធេង និងធ្ងន់ធ្ងន់ណាស់ ចំពោះមុខប្រវត្តិសាស្រ្តទាំងអស់គ្នា ដូចនេះ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទូទាំង២៥រាជធានី-ខេត្ត ត្រូវរួមគ្នាលុបបំបាត់បទល្មើសគ្រឿងញៀន នៅក្នុងខារ៉ាអូខេ និងក្លឹបកំសាន្តអោយបាន។ បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានដាក់បម្រាមមិនអោយមានកម្លាំងនគរបាល ទៅយាមនៅទីតាំងកាស៊ីណូ ខារ៉ាអូខេ និងក្លឹបកំសាន្ត ដែលសង្ស័យជាទីតាំងប្រព្រឹត្ត គ្រឿងញៀននោះទេ បើកម្លាំងទៅយាមនៅទីនោះ ដូចជាទៅយាមកន្លែងគ្រឿងញៀនតែម្តង៕