កែតម្រូវឈ្មោះក្នុងសំបុត្រកំណើត ចំណាយតែ៥ពាន់រៀលទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2019 ក+ ក-

ភ្នំពេញ ៖ ចង់កែតម្រូវឈ្មោះក្នុងសុំបុត្រកំណើត ត្រូវធ្វើយ៉ាងណាខ្លះ? ខាងក្រោមនេះជានីតិវិធីខ្លះៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សាធារណជន ដែលខុសឈ្មោះក្នុងសំបុត្រកំណើត ហើយត្រូវស្នើសុំកែតម្រូវជាថ្មី។

ករណីខុសឈ្មោះក្នុងសំបុត្រកំណើត បុគ្គលដែលជាអ្នកចង់កែតម្រូវ ត្រូវទៅកាន់តុលាការខេត្តរបស់ខ្លួន ដែលភ្ជាប់ទៅជាមួយ សំបុត្របញ្ជាក់កំណើតដែលខុសឈ្មោះនោះ ព្រមទាំងឯកសារយោងមួយចំនួនដែលមានឈ្មោះត្រឹមត្រូវដូចជា ៖
១. អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ
២. វិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិ
៣. វិញ្ញាបនបត្របណ្ដោះអាសន្នទុតិយភូមិ
៤. សញ្ញាបត្របរិញ្ញាបត្រ
៥. វិញ្ញាបនបត្រ ឬ ប័ណ្ណសរសើរផ្សេងៗដែលទទួលបានកន្លងមក

សូមបញ្ជាក់ថា ឯកសារយោងនេះគឺមិនដូចគ្នាឡើយ អ្នកខ្លះមានត្រឹមបាក់ឌុប ឬ ឌីប្លូម ឬ អ្នកខ្លះទៀត មានតែលិខិតបញ្ជាក់ផ្សេងៗ តែហោចណាស់ត្រូវភ្ជាប់ទៅជាមួយយ៉ាងហោចណាស់ឱ្យបានពីរទៅបីសន្លឹកក្រៅ ពីអត្តសញ្ញាណប័ណ្ណ ទើបមន្ត្រីព្រមជឿជាក់ និង ធ្វើការកែតម្រូវជូន ។

ក្រោយភ្ជាប់ឯកសារយោងគ្រប់គ្រាន់ដែលបញ្ជាក់ថា យើងពិតជាឈ្មោះបែបនេះមែន នោះមន្ត្រី ឬ បុគ្គលិកបណ្ដែតក្នុងតុលាការខេត្ត ឬ ក្រុង នឹងឱ្យពាក្យបំពេញសុំកែតម្រូវ បន្ទាប់ពីបំពេញ និង ផ្ដិតមេដៃហើយ បងប្អូនត្រូវបង់ថ្លៃពន្ធត្រឹមតែ ៥ ០០០ រៀលប៉ុនណោះជាការស្រេច ។ ក្រោយបំពេញពាក្យស្នើរសុំកែតម្រូវបាន ១ ទៅ ២ សប្ដាហ៍ ទើបក្រុមការងារទាក់ទងដើម្បីទៅទទួលតាមរយៈលេខទូរសព្ទដែលដាក់ក្នុងពាក្យ ស្នើរសុំនោះ ។
កន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃក៏បានឱ្យដឹងដែរថា ប្រសិនបើបងប្អូនចង់កែតម្រូវទិន្នន័យអត្តសញ្ញាណ អាចអញ្ជើញទៅកាន់ទីតាំងមួយចំនួនដូចជា ៖

១.នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួត បឹងស្នោរ) ។

២. សាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក ៕