មន្ត្រីអ៊ីរ៉ាក់២៧រូបបញ្ចប់វគ្គជំនាញបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2019 ក+ ក-

ភ្នំពេញ ៖ មន្ត្រីអ៊ីរ៉ាក់ចំនួន២៧នាក់មក ពីក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់ឃឺត បានបញ្ចប់ដោយជោគជ័យក្នុងវគ្គហ្វឹកហ្វឺន ស្តីពីការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់អតីតសមរភូមិ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺនអ៊ីរ៉ាក់-កម្ពុជា គាំទ្រថវិកាដោយប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)។

ក្រោយការទទួលការបណ្តុះបណ្តាលជំនាញបោសសំអាតមីនទាំងទ្រឹស្តី និងអនុវត្តន៍ជាក់ស្តែង កងកម្លាំងមកពីប្រទេសអ៊ីរ៉ាក់ បានកោតសរសើរចំពោះស៊ីម៉ាក់ ដែលពេញដោយសមត្ថភាពក្នុងការហ្វឹកហ្វឺនជំនាញបោសសំអាតមីន។

កងកម្លាំងអ៊ីរ៉ាក់ មកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រុមជនជាតិឃឺតសរុបចំនួន២៥នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលពីរសប្តាហ៏ ពីមន្ត្រីជំនាញរបស់ស៊ីម៉ាក់ លើជំនាញបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅអតីតសមរភូមិជាក់ស្តែង។ តំណាងសិក្ខាកាមអ៊ីរ៉ាក់ បានកោតសរសើរចំពោះស៊ីម៉ាក់ ដែលពេញដោយសមត្ថភាពក្នុងការហ្វឹកហ្វឺនជំនាញបោសសំអាតមីន។

ចំណេះជំនាញបោសសំអាតមីននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងសកម្មភាពបោសសំអាតមីននៅប្រទេសរបស់ខ្លួន ត្បិតអ៊ីរ៉ាក់នៅប្រឈមជាមួយនឹងគ្រាប់មីនយ៉ាងសន្ធឹកសន្ធាប់នៅឡើយ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នៅទីបញ្ជាការស៊ីម៉ាក់ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកការងារមីន បានបញ្ជាក់ថា ស្ថានភាពសង្គ្រាមស៊ីវិល មកពីប្រទេសអ៊ីរ៉ាក់ និងនៅកម្ពុជាគឺមិនមានលក្ខណៈខុសគ្នាប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានបន្សល់ទុកគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅក្នុងដី និងបានសម្លាប់ជីវិតប្រជាជនស្លូតត្រង់ជាច្រើននាក់។ អ៊ីរ៉ាក់វិញក៏រងគ្រោះដោយសារគ្រាប់មីនប្រមាណ២៥លានគ្រាប់ផងដែរ។ ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុក ការងារបោសសំអាតមីន ជាការងារអាទិភាពសំខាន់មួយ ដើម្បីកាត់បន្ថយអត្រារងគ្រោះដោយសារមីន និងជម្រុញគោលដៅអភិវឌ្ឍនៅមូលដ្ឋាន។

បើតាមលោក មាស សុភា រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំបំពាក់បំប៉នជំនាញបោសសំអាតមីនដល់កងទ័ពកម្ពុជា ដើម្បីជួយពន្លឿនការងារបោសសំអាតមីនឲ្យបានឆាប់រហ័ស ទៅតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កម្មវិធីនៃការបណ្តុះបណ្តាលជំនាញបោសសំអាតមីន ក្រោមគម្រោងកម្មវិធី South-South Cooperation ដែលផ្តល់ជំនួយរបស់ទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា ត្រូវបានចែកចេញជាពីរផ្នែក ក្នុងនោះមានការបញ្ជូនមន្ត្រីជំនាញរបស់ស៊ីម៉ាក់ទៅបណ្តាប្រទេសដែលត្រូវការទទួលការបណ្តុះបណ្តាល និងមួយទៀតគឺការបញ្ជូនមន្ត្រីពីបណ្តាប្រទេសផ្សេងមកទទួលការបណ្តុះបណ្តាលផ្ទាល់ពីស៊ីម៉ាក់នៅកម្ពុជា។ តាមរយៈជំនួយនេះ ស៊ីម៉ាក់ បានធ្វើការបណ្តុះបណ្តាល ហ្វឹកហ្វឺនកងកម្លាំងមកពីប្រទេសនានាចំនួន១០ ដែលមានទាំងអ៊ីរ៉ាក់ អង់ហ្គោឡា កូឡុំប៊ី ឡាវ និងមកពីម៉ូហ្សាំប៊ិកផងដែរ ហើយនេះជាលើកទី៥ហើយ ដែលស៊ីម៉ាក់ បានធ្វើការបណ្តុះបណ្តាលជំនាញបោសសំអាតមីនដល់កងកម្លាំងមកពីប្រទេសអ៊ីរ៉ាក់ ដែលសរុបមកដល់ពេលនេះ មានប្រមាណ១០០នាក់៕