កាប់ប្រពន្ធស្លាប់ព្រោះរឿងប្រច័ណ្ឌ រត់រួចបាន១៧ម៉ោងត្រូវសមត្ថកិច្ចតាមចាប់ជាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2019 ក+ ក-

ខេត្តត្បូងឃ្មុំ ៖ ក្នុងរយ:ពេលតែជាង១៧ម៉ោងប៉ុណ្ណោះ ឃាតកដែលបានកាប់សំលាប់ប្រពន្ធ ដោយសារតែរឿងប្រច័ណ្ឌងប់ងុលពេក ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមប្រមាញ់ចាប់ខ្លួនបានហើយ។

លោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីហឹង្សាក្នុងគ្រួសារមួយមានស្ថានទម្ងន់(សំលាប់ប្រពន្ធ) បង្កឡើងដោយប្តីឈ្មោះ ព្រាប ម៉ាយ អាយុ ២៣ឆ្នាំ បានយកកាំបិត ដេញកាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ រស់នៅក្នុងផ្ទះជាមួយ ត្រូវជាច្រើនកាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយជនបង្កបានរត់គេចខ្លួនបាត់។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ប្តីប្រពន្ធខាងលើនេះ ទើបរៀបការថ្មីៗមិនទាន់បានប៉ុន្មានផង ក៏មានជម្លោះជាញឹកញាប់។ នៅពេលថ្មីៗនេះប្រពន្ធបានចុះមកនៅផ្ទះឪពុកបង្កើតរបស់ខ្លួន ដោយខ្លាចប្តីធ្វើបាបលើរាងកាយ។ ប្រភពដដែលបានបន្តថា បុរសជាប្តីជាមនុស្សប្រច័ណ្ឌប្រពន្ធខ្លាំងណាស់ ទើបមានការប្រើហឹង្សាបែបនេះ។ លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី បុរសជាប្តីបានយកកាំបិតបុ័ងតោ កាប់ប្រពន្ធចំនួន៤កាំបិតបណ្តាលអោយស្លាប់។

លោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានអោយដឹងថា ក្រោយកើតហេតុ លោក ឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការអោយមន្ត្រីជំនាញតាមបណ្តាលប៉ុស្តិ៍គ្រប់ស្រុក ក្រុង ក្នុងខេត្តត្បូងឃ្មុំ ចេញប្រតិបត្តិការ ស្រាវជ្រាវពួនស្ទាក់ ឃ្លាំមើលគ្រប់ច្រករបៀងដើម្បីចាប់ជនដៃដល់។ លោកអធិការបានបន្តថានៅវេលាម៉ោង ៦និង២០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ កំលាំងជំនាញនៃអធិការនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកំកងវរសេនាតូចគាំទ្រកភ្លើងធំ(យោធភូមិភាគ២) និងកំលាំងប៉ុស្តិ៍នគរបាលជីរោទិ៍២ បានធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្សយ័ ឈ្មោះ ភាព ម៉ាយ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងខណៈដែលជនសង្សយ័ប្រុងឡើងរថយន្តឈ្នួលទៅខេត្តសៀមរាប។ បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី៕ ដោយ ៖ សុផល