ប្រធានសភាហុងគ្រី ប្រកាសគាំទ្រកម្ពុជា ធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបបន្តផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ភ្
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2019 ក+ ក-

ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃនេះ ប្រធានសភាហុងគ្រី លោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) បានប្រកាសគាំទ្រ ចំពោះកម្ពុជា ធ្វើយ៉ាងណាឲ្យ សហភាពអឺរ៉ុបបន្តផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា។

លោកប្រធានសភា ឡាស្លូ កូវៀវ៍ (Laszlo Kover) បានបញ្ជាក់ជូនសម្តេចតេជោថា នឹងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរ។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហភាពអឺរ៉ុប ឯកឧត្តមបានគូសបញ្ជាក់ថាហុងគ្រី បន្តគាំទ្រទាំងស្រុងចំពោះកម្ពុជាធ្វើយ៉ាងណាឲ្យសហភាពអឺរ៉ុបបន្តផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា។ កម្ពុជាមិនគួរត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបឡើយ។ សម្តេចតេជោ បាន ថ្លែងអំណរគុណចំពោះហុងគ្រីដែលបានជួយគាំទ្រកម្ពុជា ក្នុងការតស៊ូមតិជាមួយសហភាពអឺរ៉ុប ដើម្បីផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ពាក់ព័ន្ធទៅនឹងរឿង ប្រព័ន្ធអនុគ្រោះពន្ធ។

ឯ.ឧប្រធានសភា ចង់ឃើញការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ជាមួយនឹងការពង្រីកលើវិស័យវប្បធម៌ ទេសចរណ៍អប់រំ និងវិស័យផ្សេងៗទៀត រួមជាមួយនឹងទំនាក់ទំនងទ្វេភាគីផងដែរ។ សម្ដេចបានបញ្ជាក់ថា ទស្សនកិច្ចនេះគឺដើម្បីបន្តពង្រីកទំនាក់ទំនងដែលមានពីមុនមកមិនមែនជាទំនាក់ទំនងដែលទើបនឹងចាប់ផ្ដើមទេ ហើយសម្ដេចចង់ឃើញគោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចការពង្រឹងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមានជាអនុស្សារណៈយោគយល់គ្នារវាងសភានៃប្រទេសទាំងពីរ។ លោកប្រធានសភា បានបញ្ជាក់ថា សភាក៏ដូចជាប្រទេសហុងគ្រី នឹងបន្តគាំទ្រកម្ពុជាក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត។ ពិសេស ហុងគ្រី នឹងការបន្តផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាផងដែរ។ ឯកឧត្តមក៏សង្ឃឹមថាកម្ពុជា នឹងបញ្ជូននិស្សិតទៅបន្តការសិក្សានៅហុងគ្រី ហើយយកចំណេះដឹង ទៅអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ហុងគ្រីដែលតែងតែជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសហុងគ្រី។

គួរបញ្ជាក់ថា ឡាស្លូ កូវៀវ៍ (Laszlo Kover) គឺជាប្រធានសភាទី១ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងបានជួបជាមួយសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាសម្ដេច ហេង សំរិនប្រធានរដ្ឋសភា។ ឯកឧត្តមបានឃើញប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍន៍ ស្របពេលដែលកម្ពុជាពីមុនមានតែបាតដៃទទេ និងជាប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាម ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងលឿនរហ័ស៕