ថ្ងៃ១៥មិថុនា នេះ កាលពី៥៧ឆ្នាំមុនកម្ពុជាឈ្នះក្តីលើភាគីថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2019 ក+ ក-

ភ្នំពេញ ៖ កាលពី៥៧ឆ្នាំមុន ក្នុងថ្ងៃទី១៥ ខែមិថុនា នេះ គឺជាថ្ងៃដែលតុលាការយុត្តិធម៌អន្ដរជាតិ នៅទីក្រុង ឡាអេ បានសម្រេចបង្គាប់ឱ្យភាគីប្រទេសថៃ ត្រូវតែដកយោធារបស់ខ្លួនចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ ដើម្បីប្រគល់ប្រាសាទ និងតំបន់ខ្លះនៅជុំវិញប្រាសាទព្រះវិហារ ឱ្យភាគី ប្រទេសកម្ពុជា។

ថ្ងៃ១៥ មិថុនា នេះ (១៩៦២-១៥ មិថុនា ២០១៩) គឺជាខួបទី៥៧ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដោយបានច្រានចោលការលើកឡើងរបស់ភាគីថៃ និងគាំទ្រទឡ្ហីករណ៍របស់កម្ពុជា។

តុលាការអន្តរជាតិ នេះ បានកំណត់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីដែលស្ថិតក្រោមអធិប តេយ្យរបស់កម្ពុជា ហើយបង្គាប់ឱ្យភាគីថៃ ត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា។ជាមួយគ្នានោះ តុលាការក៏តម្រូវឱ្យថៃ ត្រូវប្រគល់នូវរាល់វត្ថុបុរា ដែលថៃ បានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុង អំឡុងពេលដែលថៃ កាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

សូមរំលឹកថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនជុំវិញ ប្រាសាទព្រះវិហាររវាង កងកម្លាំងប្រយុទ្ធកម្ពុជា និងថៃ នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញតាមសំណើរបស់ភាគីកម្ពុជា និងបានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចជាថ្មីម្តងទៀតឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ៕         ( ទិដ្ឋភាព នៅ តុលាការ យុត្តិធម៌ អន្តរជាតិ ក្រុង ឡាអេ នៅ ថ្ងៃ បើក សវនាការ ស្ដាប់ ការ បកស្រាយ ផ្ទាល់ មាត់ រវាង ភាគី កម្ពុជា និង ថៃ ស្ដីពី បញ្ហា ព្រះវិហារ នៅ ថ្ងៃ ទី ១៥ មេសា ឆ្នាំ ២០១៣។ )