ច្បាស់ហើយ ! លោក ផែង វណ្ណៈ នឹងត្រូវតុលាការដោះលែងនៅព្រឹកស្អែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2019 ក+ ក-

ដោយ ៖ សុធី

ភ្នំពេញ ៖ លោក លី សុខ លេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ប្រកាសសាលក្រមផ្តន្ទាទោស លោក ផែង វណ្ណៈ អ្នកលេងហ្វេ សប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តន៍ទោសត្រឹម២ខែ ១៥ថ្ងៃ ប៉ុណ្ណោះ និងពិន័យ៤លានរៀលចូល ថវិការដ្ឋ ពាក់ បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាង ដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

យោងតាមដីកាសម្រេចរបស់តុលាការ បើគិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅគឺលោក ផែង វណ្ណៈ នឹងត្រូវ ដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ ។

ទន្ទឹមនេះដែរ តុលាការក៏បានផ្តន្ទាទោសលោក ផែង វណ្ណៈ ដោយពិន័យជាប្រាក់ចំនួន ២លានរៀល និងសងសំណង១០០ រៀលដល់អង្គភាពសារព័ត៌មាន Fresh News ផងដែរ ។

សូមបញ្ជាក់ថា ក្នុងពេលសវនាការកន្លងមកលោក ផែង វណ្ណៈ បានសារភាពទោសកំហុសរបស់ខ្លួនដោយ ស្នើសុំតុលាការដោះលែង ព្រោះបញ្ហាសុខភាព ក្រោយបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ ។

លោក ផែង វណ្ណៈ សរសេរក្នុងលិខិតសុំទោសថា “ ខ្ញុំមានការសោកស្តាយជាពន់ពេកនូវកំហុសឆ្គងកន្លងមក និងសុំការខន្តី អភ័យទោស ពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ” ។

លោក ផែង វណ្ណៈ ដែលជានិពន្ធនាយកសារព័ត៌មានមួយដែរនោះ បានសរសេរថា “ សូមសម្តេចតេជោមេត្តា យោគយល់ សណ្តោសប្រណីនូវកំហុសឆ្គង ដើម្បីឲ្យខ្ញុំបានជួបជុំក្រុមគ្រួសារ ព្រមទាំងបានឆាប់ទៅបន្ត ព្យាបាលជំងឺប្រចាំកាយ ”។

​នៅបន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេលិខិតសុំការលើកលែងទោសពីសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ជាផ្លូវការរួចមក មានមជ្ឈដ្ឋាមួយចំនួនបានពីចារណាថា បើសិនជាតុលាការលើកលែងការចោទប្រកាន់មែននោះ ប្រាកដជាត្រូវគេរិះគន់ថា តុលាការកំពុងធ្វើដំណើរលើមាគ៌ា វប្បធម៌និទណ្ឌភាព ដែលអ្នកមានទោសផ្សេងទៀតក៏អាចទទួលបាននូវវិធានបែបនេះដូចគ្នា៕