ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០នាក់ជុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងប្លុកផ្លូវរថភ្លើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2019 ក+ ក-

ភ្នំពេញ​ ៖ មនុស្សប្រុសស្រីជិត២០នាក់និងថ្នាំញៀនចំនួន១៤០កញ្ចប់តូច ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួន កាលពី វេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់គ្មានលេខ(សំណង់មិនរៀបរយ) ផ្លូវរថភ្លើង ក្រុម២៦ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាដោយ
បានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមផ្ទាល់ពីលោក អ៊ុ បញ្ញា ជាក្រឡាបញ្ជីអមផង ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ ស៊ិន វណ្ណស នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងប្រតិបត្តិការសរុបចំនួន ១៥នាក់បានចុះដល់ចំណុចខាងលើធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៤០កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ភេទប្រុស។

បន្ទាប់មកក្រុមការងារខាងការិយាល័យប្រឆាំងគ្រឿងញៀនបានឈានទៅធ្វើការបង្រ្កាបតាមបណ្តោយផ្លូវរថភ្លើងឃាត់ខ្លួនមនុស្សបានចំនួន១៨នាក់ ស្រី១នាក់ និងម៉ូតូចំនួន ១២គ្រឿងបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕