ចាប់មនុស្សជំរិតទារប្រាក់តាំងពីភ្នំពេញ មកជាប់ខ្នោះនៅបន្ទាយមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2019 ក+ ក-

ដោយ ៖ នូវី

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយជ័យក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានដាក់ពង្រាយនៅលើកំណាត់ផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណរហូតដល់ក្រុងប៉ោយប៉ែតដើម្បីធ្វើឆែកឆេរលើគ្រប់រថយន្តដែលសង្ស័យ។ការពង្រាយនេះធ្វើឡើងនៅព្រលប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩នេះលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា: ដោយបានទទួលព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិថាមានករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញ ហើយជនល្មើសអាចនឹងមកដល់ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៣០នាទីអាធ្រាត្រថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៩កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងកំលាំងអធិការដ្ឋាននគរបាលស្រុកក្រុងពាក់ព័ន្ធ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការ និងលោកបានធ្វើការឆែកឆេរស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យបីនាក់នឹងរំដោះជនរងគ្រោះម្នាក់នៅចំនុចសណ្ឋាគារប៉ោយប៉ែតស៊ីធី។

លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បន្តថា : ក្នុងនោះកម្លាំងបានស្ទាក់ចាប់បានជនល្មើស និងបក្ខពួក០៣នាក់រួមមាន :១-ឈ្មោះ ព្រាប វណ្ណាភេទ ប្រុស ២៣ឆ្នាំជាអ្នកបើកបររថយន្ត។២- ឈ្មោះ ព្រាប វណ្ណះ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកចាប់ជំរឹត។៣- ,ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកសមគំនិត ។ ​រឹបអូសរថយន្តម៉ាកតូយ៉ូតាឡិចសុីស៣០០មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស៕