ព្រះរាជជីវប្រវត្តិសង្ខេបសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2019 ក+ ក-

ភ្នំពេញ ៖ ថ្ងៃទី១៨ មិថុនានេះ ជា មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ ឯកជន និងប្រជារាស្ត្រខ្មែរគ្រប់លំដាប់ថ្នាក់ត្រូវបានឈប់សម្រាកនៅថ្ងៃទី១៨ មិថុនានេះ ដើម្បីអបអរព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៨៣ យាងចូល៨៤ព្រះវស្សា។

ថ្ងៃនេះ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការក៏ត្រូវបានឈប់សម្រាកមួយថ្ងៃ។ក្នុងឱកាសទិវាចម្រើន ព្រះជន្មប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមនេះ ប្រជារាស្ត្រខ្មែរប្រុស-ស្រី ក៏បាននាំគ្នាថ្វាយសព្ទសាធុការយ៉ាងកងរំពង ចំពោះព្រះមាតាជាតិដ៏ជាទីគោរពស្រឡាញ់របស់ខ្លួនផងដែរ។

ក្នុងឱកាសនេះ «មេគង្គប៉ុស្តិ៍» សូមលើកយកឯកសារសង្ខេបពីព្រះរាជជីវប្រវត្តិរបស់សម្តេចម៉ែ មកជម្រាបជូន ដូចខាងក្រោម ៖

ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះនាមដើមថា ប៉ូល-ម៉ូនិក អ៊ីហ្សហ្ស៊ី Paule Monique IZZI ប្រសូតនៅថ្ងៃទី១៨ ខែ មិថុនាឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឬហូជីមិញ។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី បានទទួលមរណភាពនៅសង្គ្រាមលោកលើកទី២។ ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិវៀតណាម។ទ្រង់មានជេដ្ឋភគិនី ឬបងស្រីម្នាក់នាម អាន-ម៉ារី អ៊ីហ្សហ្ស៊ី Anne-Marie IZZI ។

កាលពីនៅវ័យកុមារភាព ទ្រង់បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និង មធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និង នៅវិទ្យាល័យដេកាត ក្រុងភ្នំពេញ។កញ្ញាចេះ និង ប្រើប្រាស់ភាសាខ្មែរបារាំង និង អង់គ្លេស។នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ ហើយមកដល់បច្ចុប្បន្ន ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

នៅខែមេសា ឆ្នាំ១៩៥២ កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បានរៀបអភិសេកជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ ជាលក្ខណៈឯកជន ហើយរៀបអភិសេកជាផ្លូវការ នៅឆ្នាំ១៩៥៥។ ក្រោយរាជាភិសេក ទ្រង់មានបុត្រា២ព្រះអង្គ គឺព្រះបាទ នរោត្តម សីហមុនី ជាមហាក្សត្របច្ចុប្បន្ន និង ព្រះបាទ នរោត្តម នរិន្ទ្រពង្ស ដែលបានសោយទិវង្គតដោយសាររោគាពាធ។

លុះដល់ឆ្នាំ១៩៩២ អ្នកម្នាង ម៉ូនិក ត្រូវបានព្រះករុណាសម្ដេចនរោត្តម សីហនុ ប្រទានគោរមងារជាសម្ដេចព្រះជាយា។ មួយឆ្នាំបន្ទាប់មក អ្នកម្នាងទទួលគោរមងារជាសម្ដេចព្រះមហេសី ហើយនៅឆ្នាំ១៩៩៦ ទ្រង់ទទួលបរមងារជា សម្ដេចព្រះរាជអគ្គមហេសី។ ក្រោយមកទៀត ទ្រង់ត្រូវបានថ្វាយព្រះបរមងារថាជា ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

គួរបញ្ជាក់ថា សម្តេចព្រះវររាជមាតាជាតិខ្មែរ ឬ សម្តេចម៉ែ ទ្រង់ជាមហេសីតែមួយក្នុងចំណោមមហេសីនិង អ្នកម្នាងទាំង៧ របស់អតីតព្រះមហាក្សត្រខ្មែរ ដែលបានទទួលព្រះស្រឹង្គារ ក្តីស្រឡាញ់ មេត្តា ប្រោសប្រណីយ៉ាងខ្លាំងក្លាពីព្រះស្វាមីក្នុងរយៈពេលដ៏យូរលង់ជាង កន្លះសតវត្សរ៍កន្លងទៅនេះ។

ព្រះអង្គបានយាងតាមអតីតព្រះមហាក្សត្រទៅស្ទើរគ្រប់ទិសទីក្នុងគ្រប់ កាលៈទេសៈ មិនថាក្នុងសម័យតស៊ូក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ សម័យកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម សម័យការតស៊ូត្រីភាគីនៅតំបន់ជាយដែនខាងលិច ឬសម័យព្រះរាជាណាចក្រកម្ពុជាទី២ នោះឡើយ។

នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ នេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ យាងចូល៨៤ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ៕