សាលាឧទ្ធរណ៍នឹង​ជម្រះរឿងក្ដីសុំទម្លាក់ការចោទលើអតីតបុគ្គលិកវិទ្យុ RFA នៅថ្ងៃទី ២១ មិថុនា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ សំណុំរឿងរបស់អតីតបុគ្គលិកវិទ្យុ អាស៊ីសេរី (RFA)ចំនួនពីររូប លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ សុជាមេត្តា នឹងត្រូវសាលាឧទ្ធរណ៍បើកសវនាការនៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ពាក់ព័ន្ធបទចោទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ»។

យោងតាមលិខិតអញ្ជើញរបស់ក្រឡាបញ្ជីសាលាឧទ្ធរណ៍ចុះថ្ងៃទី ១៦ មិថុនា បានឲ្យដឹងថា សំណុំរឿងរបស់លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា នឹងបើកសវនាការនៅថ្ងៃទី២១ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹកនៅបន្ទប់សវនាការទី៣។

សូមជម្រាបថា លោក យាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) បានថ្លែងថា នៅថ្ងៃទី ២១ មិថុនា សាលាឧទ្ធរណ៍នឹងបើកសវនាការលើសំណុំរឿងចំនួន ២ គឺរឿងលោកទាំង២នាក់ស្នើសុំឲ្យតុលាការបញ្ឈប់ការដាក់ពួកលោក ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនិងបណ្ដឹងទាមទារយក សម្ភារដែលតុលាការបានរឹបអូសនោះមកវិញ។

លោក សំ ចំរើន មេធាវីការពារក្ដីលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា បានថ្លែងថា លោកនឹងចូលរួមក្នុងសវនាការនេះ ហើយខំប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីកូនក្ដីលោកមានសេរីភាពពេញលេញ៕