កម្ពុជា-សិង្ហបុរី បើកកិច្ចប្រជុំស្តីពីកិច្ចការនយោបាយ ការពារជាតិ សេដ្ឋកិច្ច និងវិនិយោគ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2019 ក+ ក-

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ បាន កិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-សិង្ហបុរីលើកទី១ ដឹកនាំដោយលោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងលោក ភីទ័រ តាន់ អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការអាស៊ី និងអាស៊ាន នៃក្រសួងការបរទេសសឹង្ហបុរី នៅទីក្រុងភ្នំពេញ។

កិច្ចប្រជុំនេះ បានផ្ដោតទៅលើកិច្ចពិគ្រោះយោបល់ តាមអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចពិគ្រោះយោបល់ នយោបាយកម្ពុជា សិង្ហបុរី ដែលបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចផ្លូវការ នៅកម្ពុជា របស់លោក វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី កាលពីឆ្នាំ២០១៧ ក្នុងគោលបំណងតាម ដាន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី គ្រប់និស្ស័យ នឹងបន្តពង្រីកកិច្ចសហ ប្រតិបត្តិការ ក្នុងក្រប ខណ្ឌតំបន់ និងការផ្លាស់ប្ដូរទស្សន:គ្នា លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម រវាងកម្ពុជា និងសិង្ហបុរី ដែលប្រទេសកម្ពុជា-សិង្ហបុរី គឺជាមិត្តភក្កិដ៏យូរលង់ណាស់មកហើយ ក្នុងនោះកម្ពុជា គឺជាប្រទេសទី១ ដែលបានទទួលស្គាល់សិង្ហបុរី បន្ទាប់ពីទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៦៥។

ទំនាក់ទំនងកម្ពុជា-សិង្ហបុរី ផ្ដើមចេញពីអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដោយផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តលើកិចច្ចសហប្រតិបត្តិការដ៏ល្អរវាងគ្នា។ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនា នៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅ ស្ដែងចេញតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច នៅគ្រប់កម្រិត មានការកើនឡើង នៃទំហំពាណិជ្ជកម្ម ទៅវិញទៅមក។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កិច្ចពិគ្រោះយោបល់លើកទីមួយនេះនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរទាំង ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ការវាយតម្លៃរួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា សន្តិសុខនយោបាយ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងរចនាសម្ព័ន្ធស្ថាប័ន ក្នុងវិស័យសុខាភិបាល និងការដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យឈានឆ្ពោះឡើងមួយកម្រិតទៀត៕