ខេត្តព្រះសីហនុប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាល ២១រូប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2019 ក+ ក-

ដោយ ៖ ​សហការី

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តមឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២១នាក់ ។

ក្នុងពិធីបដិសណ្ឋារៈកិច្ចគណៈប្រតិភូ លោកឧត្តមសេនីយ៍ត្រីជិន វិទ្យាស្នងការស្តីទី បានឡើងធ្វើរបាយការណ៍ស្វាគមន៍ រាយការណ៍ ជូនគណៈអធិបតី អំពីសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ កន្លងមក។

យោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២១នាក់ ៖ ក្នុងនោះមានផ្ទេរសម្រួលភារកិច្ច៤នាក់ (ថ្នាក់ស្នងការរង១នាក់) តែងតាំងមុខតំណែង១៣ នាក់ (ថ្នាក់ស្នងការរង២នាក់) បំពាក់ឋានន្តរស័ក្តិ ចំនួន៨នាក់ ថ្នាក់វរសេនីយ៍ទោ ៤ នាក់ និង ថ្នាក់វរសេនីយ៍ត្រី៤នាក់។

ស្នងការរងដែលត្រូវបានសម្រួលភារកិច្ច មាន ៣រូប ៖
១,លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច។
២,លោកវរសេនីយ៍ទោសួស សីលា ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀន។

៣,លោកវរសេនីយ៍ឯកពីង ពៅ ពីនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ជាស្នងការរងនគរបាលខេត្តព្រះសីហនុ។

​លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ និង ឯកឧត្តមនាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងនគរបាលខេត្ត ព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និង អ្នកវិនិយោគបរទេស បានល្អប្រសើរ។

លោក ប៉ែន វិបុល បានលើកឡើង អំពីការវិវឌ្ឍន៍រីកចម្រើននៃ វិស័យព័ត៌មានវិជ្ជា ដូចនេះសូមឲ្យបងប្អូនយើងទាំងអស់ត្រូវតាមដានព័ត៌មានឲ្យបានទាន់ពេលវេលា៕