បាក់សំណង់អគារកំពុងសាងសង់នៅក្រុងព្រះសីហនុរបួសជាច្រើននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2019 ក+ ក-

ដោយ ៖ ន.រ.

ព្រះសីនុ ៖ សំណង់អគារមួយកន្លែង កម្ពស់៧ជាន់ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានរលំបាក់ស្រុតបណ្តាលឲ្យរងរបួសមនុស្សជាច្រើននាក់ ហើយមួយចំនួនកំពុងជាប់ក្នុងនោះ ដែលតាមការឲ្យដឹង គឺជាកម្មករ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ។

ក្នុងនោះកន្លែងលាងរថយន្តអរុណរះតាមផ្លូវ៧មករាក៏ទទួលរងផលប៉ះពាល់និងរងការខូចខាតរថយន្តនិងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះដែរ ។សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុមកថា មានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដឬមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់ឡើយ ។

តាមប្រជាពលរដ្ឋ ក្បែងកន្លែងកើតហេតុបានឲ្យដឹងថា មិនដឹងថា បញ្ហាបច្ចេកទេសនៃសំណង់ ឬក៏យ៉ាងណានោះទេ ស្រាប់តែនៅវេលាម៉ោងខាងលើ សំណង់អគារកំពស់ ៧ជាន់នោះ រលំស្រុតតែម្តង ។

ខណៈពេលនេះ កម្លាំងសមត្ថកិច្ច កំពុងរកវិធីសាស្ត្រ ដើម្បីរុករក សង្គ្រោះជនរងគ្រោះនៅឡើយ៕