Update : អ្នកស្លាប់ដោយបាក់សំណង់អគារថ្មីនៅក្រុងព្រះសីហនុ កើនដល់៣នាក់ របួស១០នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2019 ក+ ក-

ដោយ ៖ សហការី

ព្រះសីហនុ ៖ បន្ទាប់ពីទិដ្ឋភាពនៃការបាក់អគារដែលកំពុងសាងសង់ថ្មីអស់រយៈពេលប្រមាណ៤ម៉ោងក្រោយមក សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងរុករកឃើញជនរងគ្រោះចំនួន ៣នាក់បានស្លាប់ និង១០នាក់ទៀតបានរងរបួស ហើយកំពុងបន្តការរុករកបន្ថែមទៀតដោយប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍ជំនួយសម្រាប់ភ្នាក់ងារសង្គ្រោះផងដែរ។

សូមជម្រាបថាសំណង់អគារថ្មីកម្ពស់ ៧ជាន់របស់ក្រមហ៊ុនចិន មួយកន្លែងនេះ បានបាក់ស្រុតរលំរាបដល់ដី បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលភ្លាមៗនោះ របាយការណ៍ពីអ្នកស្លាប់ និងរបួសមិនទាន់ទទួលបាននៅឡើយ។

ឧបទ្ទវហេតុនៃការបាក់រលំអគារកំពុងសាងសង់ខាងលើ ភ្លាមៗកម្លាំងសមត្ថកិច្ច ក្រុងសង្គ្រោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក យន់ មីន អភិបាលខេត្តព្រះសីហនុ ដោយបានបញ្ជូនគ្រឿងចក្រ រថយន្តសង្គ្រោះ និងឧបករណ៍ជំនួយសម្រាប់សង្គ្រើផងដែរ ដើម្បីរុករក និងសង្គ្រោះជីវិតមនុស្ស ដែលសង្ស័យថា នៅមានជនរងគ្រោះមួយចំនួនទៀតស្ថិតនៅក្រោមគំនរថ្មបាក់បែកនៅឡើយ។

តាមប្រភពពីអាជ្ញាធរ បានឲ្យដឹងជាបឋមថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ ស្លាប់នៅក្នងគំនរបាក់បែក និងជនរងគ្រោះជាង១០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក៏ប៉ុន្តែតួរលេខជាក់លាក់ នៃចំនួនអ្នកស្លាប់ និងរបួសយ៉ាងណានោះ រង់ចាំសមត្ថកិច្ចច្រើនស្ថាប័ន អង្គភាពជំនាញ អង្គភាពសង្គ្រោះ៧១១ សហការរុករក គ្រឿងចក្រកំពុងកកាយ គំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះនៅឡើយ ។

ដោយឡែកនៅក្រោយពីកើតមានករណីខាងលើ សមត្ថកិច្ចបានឃាត់នាំខ្លួន មេការ គ្រប់គ្រងសំណង់ខាងលើទៅសាកសួរ ៕